លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក នៅថ្ងៃពុធម្សិលមិញ បានប្រកាសផ្ដល់ជំនួយយោធាបន្ថែម ៨០០លានដុល្លារ ដល់អ៊ុយក្រែន

(វ៉ាស៊ីនតោន)៖ បើតាមការផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែមីនា ឆ្នាំ២០២២នេះ លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក នៅថ្ងៃពុធម្សិលមិញ បានប្រកាសផ្ដល់ជំនួយយោធាបន្ថែម ៨០០លានដុល្លារ ដល់អ៊ុយក្រែន ក្នុងនោះរួមមានទាំងមីស៊ីលប្រឆាំងយន្ដហោះ និងរថក្រោះ ដើម្បីយកទៅប្រយុទ្ធតតាំងជាមួយកងទ័ពរុស្ស៊ី។

លោក ចូ បៃដិន បានថ្លែងនៅចំពោះមុខអ្នកសារព័ត៌មាន លោក ក៏បានថ្កោលទោសផងដែរថា លោកប្រធានាធិបតី ពូទីន កំពុងប្រព្រឹត្តបទឧក្រិដ្ឋសង្រ្គាម សម្រាប់ការវាយប្រហារលើអ៊ុយក្រែន។

សូមជម្រាបថា នេះគឺជាលើកដំបូងបំផុតដែលលោក បៃដិន ប្រើពាក្យឧក្រិដ្ឋកម្មសង្រ្គាមប្រឆាំងនឹងលោក ពូទីន ជាសាធារណៈ ហើយកាលពីសប្ដាហ៍មុន កំឡុងបំពេញទស្សនកិច្ចទៅកាន់ប្រទេសប៉ូឡូញ អនុប្រធានាធិបតី លោកស្រី កាម៉ាឡា ហារីស ក៏បានលើកឡើងដែរថា គួរតែមានការស៊ើបអង្កេតពីបទឧក្រិដ្ឋសង្រ្គាមនេះ៕