អង្គការ NATO បានធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំមួយ ក្នុងប្រទេសន័រវែស

(អូស្លូ)៖ បើតាមការចេញផ្សាយរបស់សារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១២ ខែមីនា ឆ្នាំ២០២២ អង្គការ NATO បានធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំមួយ ក្នុងប្រទេសន័រវែស នាថ្ងៃចន្ទដើមសប្តាហ៍ក្រោយនេះ ក្នុងគោលដៅពង្រឹងសមត្ថភាពចូលជួយសង្រ្គោះសមាជិករបស់ខ្លួន ក្នុងករណីមានជម្លោះផ្ទុះឡើង។

ប្រភពដដែលបានឱ្យដឹងថា កងទ័ពប្រមាណ៣០,០០០នាក់, យន្តហោះ២០០គ្រឿង និងនាវា៥០គ្រឿង មកពីប្រទេសចំនួន២៧ នឹងចូលរួមក្នុងសមយុទ្ធយោធា ខូល រីស្ពន ឆ្នាំ២០២២ (Cold Response 2022) ដែលជាសមយុទ្ធយោធាធំបំផុតរបស់ NATO នៅក្នុងឆ្នាំនេះ។ លំហាត់យោធានេះ ចាប់ផ្តើមនៅថ្ងៃទី១៤ ខែមីនា នឹងអនុញ្ញាតឱ្យសមាជិក NATO ពង្រឹងសមត្ថភាពប្រយុទ្ធរបស់ពួកគេ នៅក្រោមលក្ខខណ្ឌអាកាសធាតុដ៏ត្រជាក់របស់ន័រវែស ទាំងនៅលើដីគោក, លើផ្ទៃទឹក និងលើផ្ទៃអាកាស ហើយផ្តោតការហ្វឹកហាត់ជាពិសេស លើសេណារីយ៉ូចូលជួយន័រវែស ក្នុងករណីមានជម្លោះផ្ទុះឡើង។

គួរបញ្ជាក់ថា ប្រទេសជិតខាងន័រវែស គឺស៊ុយអែតនិងហ្វាំងឡង់ ទោះមិនមែនជាសមាជិក NATO ក៏ដោយ ប៉ុន្តែជាដៃគូដែលកាន់តែជិតស្និទ្ធ ក៏នឹងចូលរួមក្នុងសមយុទ្ធយោធា Cold Response ផងដែរ ដែលនឹងត្រូវបិទបញ្ចប់ទៅវិញ នៅថ្ងៃទី០១ ខែមេសា៕

Leave a Reply

Your email address will not be published.