អឺរ៉ុប៖ លោក Josep Borrell ប្រមុខការទូតជាន់ខ្ពស់ សហភាពអឺរ៉ុប បានព្រមានថា ប្លុកអឺរ៉ុបត្រូវតែធ្វើអ្វីដែលអាចជៀសផុតពីការរីកកាន់តែធំនៃសង្គ្រាម ស្របពេលជម្លោះរវាងអ៊ុយក្រែន និងរុស្ស៊ីនៅតែបន្ត។
លោក Borrell បាន ថ្លែងទៅកាន់សារព័ត៌មាន Franceinfo កាលពីថ្ងៃព្រហស្បតិ៍ថា អឺរ៉ុបនឹងបញ្ជូនអាវុធ និងយុទ្ធោបករណ៍ការពារជាតិដោយគ្មានសង្ស័យទៅកាន់អ៊ុយក្រែន ។ទោះមានសំណើនេះក៏ដោយលោកបានបញ្ជាក់ច្បាស់ៗថា សហភាពអឺរ៉ុបត្រូវតែប្រុងប្រយ័ត្នដើម្បីបញ្ចៀសសង្គ្រាមជាមួយរុស្ស៊ី ព្រោះអាចឲ្យមានសង្គ្រាមលោកលើកទី៣។ ខណៈដែលសហភាពអឺរ៉ុបកំពុងស្វែងរកការដាក់ទណ្ឌកម្ម លើរុស្ស៊ីខាងហិរញ្ញវត្ថុចំពោះជម្លោះនៅអ៊ុយក្រែន លោក Borrell បានបង្ហាញការប្រុងប្រយ័ត្នអំពីលទ្ធភាព នៃការហាមប្រាមលើការនាំចូលប្រេង និងឧស្ម័នរបស់រុស្ស៊ីទៅកាន់សហភាពអឺរ៉ុប ដោយអះអាងថានេះជាការសម្រេចចិត្តដ៏លំបាកសម្រាប់ប្លុកនេះ ខណៈដែលសហភាពអឺរ៉ុបពឹងផ្អែកការនាំចូលថាមពលយ៉ាងច្រើនពីរុស្ស៊ី៕