សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រដ្ឋាភិបាលកូរ៉េខាងត្បូងបានសម្រេចជួយសាងសង់ស្ពានមួយខ្សែឆ្លងកាត់ទន្លេតភ្ជាប់ភ្នំពេញ ទៅកាន់អរិយក្សត្រ

ភ្នំពេញៈ នៅព្រឹកថ្ងៃ ទី៣ ខែមករា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រដ្ឋាភិបាលកូរ៉េខាងត្បូងបានសម្រេចជួយសាងសង់ស្ពានមួយខ្សែឆ្លងកាត់ទន្លេតភ្ជាប់ភ្នំពេញ ទៅកាន់អរិយក្សត្រ។ គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ  ត្រូវបានភាគីកូរ៉េខាងត្បូង ដាក់ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីពិនិត្យ និងសម្រេចលើការកំណត់ទីតាំង និងទ្រង់ទ្រាយរបស់ស្ពានហើយ។

សម្ដេចតេជោ បានថ្លែងនៅក្នុងពិធីអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានគម្រោងលើកកម្រិតគុណភាពផ្លូវជាតិ លេខ៤៨ តភ្ជាប់ខេត្តព្រះសីហនុទៅកាន់ ខេត្តកោះកុងក្រោមឥណទានសម្បទានពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ។

លោក ផាក ហ៊ឹងឃ្យុង ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំកម្ពុជា បានថ្លែងថា ការសម្រេចសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េនេះ ធ្វើឡើងឆ្លើយតបនឹងសំណើជាចំហររបស់សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីបើកការដ្ឋានជួសជុលកែលម្អផ្លូវជាតិលេខ២ និងលេខ២២ កាលពីខែកុម្ភៈ ឆ្នាំ២០២០។

សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងនូវការអរគុណរដ្ឋាភិបាលកូរ៉េខាងត្បូង ដែលបានសម្រេចជួយសាងសង់ស្ពានមួយខ្សែ ឆ្លងកាត់ទន្លេតភ្ជាប់ភ្នំពេញ ទៅកាន់អរិយក្សត្រផងដែរ។ សម្តេចតេជោសង្ឃឹមថានឹងមានស្ពានមិត្ត ភាពកម្ពុជាកូរ៉េតែឆ្លងកាត់ពីភ្នំពេញទៅកាន់ស្វាយជ្រំនិងសង្ឃឹមថាទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មរវាងប្រទេសទាំងពីរនឹងកើនឡើងដែលនេះបានមកពីការខិតខំប្រឹងប្រែងរវាងប្រទេសទាំងពីរដែលបានភ្ជាប់ទំនាក់ទំនងកាតទូត។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអោយដឹងថា ការសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ពីរាជធានីភ្នំពេញទៅតំបន់អរិយក្សត្រនេះ អាចនឹងសាងសង់នៅឆ្នាំ២០២២នេះ៕

 

Leave a Reply

Your email address will not be published.