ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ផ្ញើរសារជូនពរនាយទាហាន នាយទាហានរង និងពលទាហានកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសាកល ២០២២ និងបានបញ្ជាឲ្យកងទ័ពទាំងអស់ អនុវត្តឱ្យបានម៉ឺងម៉ាត់ នូវអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ដែលបានថ្លែង «រាល់ការប៉ុនប៉ងផ្តួលរំលំ និងការប្រមាថព្រះមហាក្សត្រ គឺមិនអាចលើកលែងបានឡើយ»។

(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ផ្ញើរសារជូនពរនាយទាហាន នាយទាហានរង និងពលទាហានកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសាកល ២០២២ និងបានបញ្ជាឲ្យកងទ័ពទាំងអស់ អនុវត្តឱ្យបានម៉ឺងម៉ាត់ នូវអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ដែលបានថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារ ទីស្តីការក្រសួងការពារជាតិ «រាល់ការប៉ុនប៉ងផ្តួលរំលំ និងការប្រមាថព្រះមហាក្សត្រ គឺមិនអាចលើកលែងបានឡើយ»

សារលិខិតរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាដល់កងទ័ពយ៉ាងដូច្នេះថា «ចំពោះមុខនេះ ខ្ញុំក៏សូមអំពាវនាវដល់ មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានកងទ័ពជើងគោកទាំងអស់ ចូលរួមប្តេជ្ញាចិត្តអនុវត្តឱ្យបានម៉ឺងម៉ាត់នូវអនុសាសន៍របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាល និងសាលប្រជុំ នៃទីស្តីការក្រសួងការពារជាតិដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅ ស្របពេលនឹងខួប២៣ ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា ក្នុងខ្លឹមសារថា៖ “កម្ពុជាជាប្រទេសរាជានិយម មានបាវចនាចំនួន ៣ គឺ ជាតិ សាសនា ព្រះមហាក្សត្រ ដូច្នេះនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ត្រូវផ្តូរផ្តាច់ការពាររាជានិយម ការពាររាជបល្ល័ង្ក ការពារព្រះមហាក្សត្រ ឱ្យខានតែបាន។ ការប៉ុនប៉ងផ្តួលរំលំ និងការប្រមាថព្រះមហាក្សត្រ គឺមិនអាចលើកលែងបានឡើយ»

ក្នុងឱកាសចូលថ្មី ឆ្នាំសាកល ២០២២នេះ លោក ហ៊ុន ម៉ាណែត សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតារក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមប្រោះព្រំសព្ទសាធុការពរជ័យ សិរីមង្គលមហាប្រសើរជូនចំពោះនាយទាហាន នាយទាហានរង និងពលទាហានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទទាំងអស់ សូមឱ្យទទួលបានសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ អាយុយឺនយូរ និងសម្រេចបានជោគជ័យគ្រប់ភារកិច្ចបម្រើជាតិ មាតុភូមិ និងប្រជាជន៕

 

Leave a Reply

Your email address will not be published.