សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ អគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពាជាតិថ្មី  

 (ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ អគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពាជាតិថ្មី  ដែលចំខួបលើកទី២៣ឆ្នាំ នៃជោគជ័យក្នុងការនាំមកនូវសន្តិភាពពេញលេញ តាមរយៈនយោបាយ ឈ្នះ ឈ្នះ របស់សម្តេច ( ២៩-ធ្នូ-១៩៩៨ – ២៩-ធ្នូ-២០២១)។

អគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពារជាតិថ្មី បានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ ក្រោមអធិបតីភាពសម្តេចពិជ័យសេនា ដែលតាមគម្រោងផែនការសាងសង់មានរយៈពេល៣៦ខែ និងបញ្ចប់ការដ្ឋាននៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១។ ដោយសារវិបត្តិកូវីដ១៩ ការសាងសង់ត្រូវបានស្នើរសុំពន្យាកិច្ចសន្យារយៈពេល៤ខែ ដូច្នេះការដ្ឋានត្រូវពន្យារហូតដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ ទើបបានបញ្ចប់។

អគាររដ្ឋបាល-សាលប្រជុំទីស្ដីការក្រសួងការពារជាតិថ្មី ចែកចេញជា៣ផ្នែករួមមាន៖

១៖ ផ្នែកខាងកើត ឬ(ស្លាបឆ្វេង) រៀបចំជាតំបន់ធានាឲ្យការត្រួតពលក្នុងអគារ(ពេលមានភ្លៀង) រៀបចំធ្វើជាបន្ទប់ប្រជុំតូច-ធំ រៀបចំជាបន្ទប់សវនាការតូចធំ, រៀបចំទីផ្លាសន្និសិទកាសែត និងសាលប្រជុំធំ ដែលមានសមត្ថភាពធានារៀបចំអង្គប្រជុំចំណុះបាន១,០០០នាក់ ដែលអាចធានាឲ្យរាល់ពិធីការ និងការប្រជុំថ្នាក់ជាតិ-អន្តរជាតិនានា។

២៖ ផ្នែកកណ្តាល រៀបចំជាទីធ្លាបដិសណ្ឋារកិច្ច និងរង់ចាំទទួលភ្ញៀវ (Lobby) នៅជាន់ផ្ទាល់ដី, នៅទីធ្លាជាន់ទី១ រៀបចំជាទីធ្លាសម្រាប់ពិធីត្រួតពល កងកិត្តិយស ។

៣៖ ផ្នែកខាងលិច ឬ(ស្លាបស្ដាំ)រៀបចំជាសាលពិព័រណ៍, ជាបន្ទប់រក្សាឯកសារ, ជាទីកន្លែងបំរើការធានាសន្តិសុខសុវត្ថិភាព ជាការិយាល័យធ្វើការថ្នាក់ដឹកនាំ ក្រសួងការពារជាតិ និងបណ្តាការិយាល័យសំខាន់ចាំបាច់មួយចំនួនផ្នែក ខាងលិចនេះមានចំនួន៦ជាន់ (គិតទាំងជាន់ផ្ទាល់ដីផង)។

នាយឧត្តមសេនីយ៍ បានឱ្យដឹងថា ពិធីសម្ពោធនេះត្រូវបានប្រារព្ធឡើងចំនឹងខួបលើកទី២៣ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនូវ នយោបាយឈ្នះ ឈ្នះ របស់ សម្តេចតេជោ ហ៊ុន សែន ដែលក្រោមនយោបាយឈ្នះ ឈ្នះ នេះ បានធ្វើឱ្យមាតុភូមិកម្ពុជា ទទួលបាននូវសន្តិភាព និងការឯកភាពជាតិពេញលេញរហូតមកដល់សព្វថ្ងៃ ហើយសម្រាប់នៅយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ក្រសួងការពារជាតិក៏នឹងមានកម្មវិធីបាញ់កាំជ្រួចជាកិច្ចអបអរសាទរខួបទី២៣ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នៅវិមានឈ្នះឈ្នះផងដែរ៕

 

Leave a Reply

Your email address will not be published.