អគ្គនាយកដ្ឋានពន្ធដារ, អគ្គនាយកដ្ឋានគយ និងអគ្គនាយកដ្ឋានរតនាគារជាតិ ត្រូវរាយការណ៍ពីស្ថានភាពចំណូលថវិកាជាតិ ជាប្រចាំថ្ងៃជូនសម្តេច

(ភ្នំពេញ)៖ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា  បានថ្លែងបញ្ជាក់ថា សម្តេចបានកំណត់ឲ្យអង្គភាពប្រមូលចំណូល និងគ្រប់គ្រងចំណូលចំនួន៣ រួមមានអគ្គនាយកដ្ឋានពន្ធដារ, អគ្គនាយកដ្ឋានគយ និងអគ្គនាយកដ្ឋានរតនាគារជាតិ ត្រូវរាយការណ៍ពីស្ថានភាពចំណូលថវិកាជាតិ ជាប្រចាំថ្ងៃជូនសម្តេច ដើម្បីងាយស្រួយគ្រប់គ្រប ចំណូលរបស់ជាតិ។

ការថ្លែងរបស់សម្តេចតេជោ ធ្វើឡើងក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែធ្នូ ឆ្នាំ២០២១នេះ។

សម្តេចេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «តាមធម្មតាត្រូវវាយ [ផ្ញើ] ឲ្យខ្ញុំ ចំណូលពន្ធដារ ចំណូលគយ លុយនៅក្នុងរតនាគារជាតិ និងអត្រាប្តូរប្រាក់ យូរបំផុតម៉ោង៧យប់ ខ្ញុំបើកមើល។ ប៉ុន្តែក្នុងរង្វង់ម៉ោង៥ល្ងាច ទៅម៉ោង៦៖៣០ល្ងាច គឺ គុណ ញឹម, គង់ វិបុល ត្រូវវាយឲ្យខ្ញុំ ហើយនឹងផ្នែករតនាគារជាតិ។ ខ្ញុំត្រូវគ្រប់គ្រងឲ្យដឹង ពីចំណូលឡើងចុះ»។

សម្តេចតេជោបានថ្លែងថា រយៈពេល១១ ខែឆ្នាំ២០២១ ចំណូលគយរកបាន២ ០៥៥លានដុល្លារអាមេរិក ស្មើនឹង៨៧ភាគរយ ហើយបើគិតពេញមួយឆ្នាំ២០២១នេះ អគ្គនាយកដ្ឋានគយ អាចនឹងរកប្រាក់ចំណូលបានជាង២ ២០០លានដុល្លារ។ ចំណែកអគ្គនាយកដ្ឋានពន្ធដារវិញ នៅរយៈពេល១១ខែ ឆ្នាំ២០២១ រកចំណូលបាន ២ ៥៦០លានដុល្លារអាមេរិក ស្មើនឹង១១៤.១៣ភាគរយនៃផែនការ។ បើគិតចំណូលទាំងគយ និងពន្ធដារ កម្ពុជាទទួលចំណូលបានជាង៤ពាន់លានដុល្លារ។

សម្តេចតេជោ ហ៊ុន សែន ជាថ្មីម្តងទៀតបានបង្ហាញ នូវការសោកស្តាយដែលពិភពលោក ក៏ដូចជាកម្ពុជាទទួលនូវការប៉ះពាល់ដោយសារកូវីដ១៩ ប្រសិនបើមិនមានកូវីដ១៩ទេ ចំណូលរបស់កម្ពុជាទទួលបានកំណើនខ្ពស់ជាប្រចាំ ហើយសម្តេចនឹងងាយស្រួល ប្រើប្រាស់ចំណូលទាំងនោះ ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធចាំបាច់របស់ជាតិ ដោយមិនពឹងផ្អែកតែជំនួយ ឬប្រាក់កម្ចីពីបរទេសនោះឡើយ៕

 

Leave a Reply

Your email address will not be published.