ម្តេចតេជោ ហ៊ុន សែន : ខ្ញុំត្រូវតែប្តូរផ្តាច់ក្នុងនាមជាសមាជិកដែលត្រូវទទួលខុសត្រូវ ក្នុងឋានៈជាប្រធានប្តូរវេនដែលមានការទទួលខុសត្រូវ ខ្ញុំត្រូវតែធ្វើឱ្យអាស៊ាន៩ ឱ្យឡើងមក១០វិញ

បន្ទាប់ពីរងការរិះគន់ពីអ្នកសារព័ត៌មានអន្តរជាតិ ដែលភាគច្រើនចេញពីក្រុមប្រឆាំងក្រៅរដ្ឋាភិបាលក្នុងប្រទេសអាស៊ាន ដោយសារសម្តេចចង់សម្របសម្រួលឱ្យអាស៊ានមានសាមគ្គីភាព ១០ប្រទេសឡើងវិញនោះ សម្តេចតេជោបានថ្លែងថា «ចង់អ្នកណាថាអ្វីថាទៅ ខ្ញុំត្រូវតែប្តូរផ្តាច់ក្នុងនាមជាសមាជិកដែលត្រូវទទួលខុសត្រូវ ក្នុងឋានៈជាប្រធានប្តូរវេនដែលមានការទទួលខុសត្រូវ ខ្ញុំត្រូវតែធ្វើឱ្យអាស៊ាន៩ ឱ្យឡើងមក១០វិញ ព្រោះអាស៊ានមាន១០ប្រទេស បើអាស៊ាន៩គឺគ្មានកុងសង់ស៊ីសទេ ដោយសារបាត់១»។ ការថ្លែងបែបនេះធ្វើឡើងក្នុងឱកាសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាលគយ អគារសាលាជាតិគយ និងអគារ សារមន្ទីរគយ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១នេះ។

សម្តេចតេជោបានបន្តថា «ថ្ងៃនេះខ្ញុំចង់បញ្ជាក់បន្តិចអំពីបញ្ហាដែលត្រូវធ្វើដំណើរទៅប្រទេសមីយ៉ាន់មារ មានមួយចំនួនអបអរសាទរដែលយើងនឹងធ្វើការខិតខំដើម្បីជួយសម្រុះសម្រួលឱ្យអាស៊ានវិលត្រឡប់ពីអាស៊ាន៩ ទៅជាអាស៊ាន១០វិញ និងម្ខាងទៀតសម្របសម្រួលជាមួយបញ្ហានៅប្រទេសមីយ៉ាន់មា ឱ្យតាមកុងសង់ស៊ីស ៥ចំណុច ដែលនៅក្នុងនោះគឺ ទប់ស្កាត់ហិង្សាគឺជាចំណុចសំខាន់នៅក្នុងរឿងហ្នឹង»។

សម្តេចតេជោបានបន្ថែមថា «យើងចូលរួមចំណែកក្នុងការអនុវត្តកុងសង់ស៊ីស ៥ចំណុច ទោះបីជាវាមិនទាន់ដល់គោលដៅតាមផែនទីចង្អុលផ្លូវរបស់មីយ៉ាន់មាដែលថានឹងរៀបចំការបោះឆ្នោតនៅខែសីហា ឆ្នាំ២០២៣ ប៉ុន្តែការសម្របសម្រួលមានដំណាក់កាលរបស់វា ដំណាក់កាលនៃការបញ្ឈប់ហិង្សា គឺជាចំណុចសំខាន់ក្នុងការការពារជិវីតមនុស្ស សង្ឃឹមថាមិត្តភក្តិបរទេសទាំងឡាយ ក្នុងក្របខ័ណ្ឌដៃគូអាស៊ានក្តី ឬអ្នកតាមដានព្រឹត្តិការណ៍នយោបាយពីមីយ៉ាន់មាក្តី យល់អំពីការងាររបស់យើងដែលយើងត្រូវធ្វើ បើយើងមិននិយាយជាមួយមេដឹកនាំ តើយើងត្រូវនិយាយជាមួយនរណា?»៕

 

 

Leave a Reply

Your email address will not be published.