ហោរាសាស្រ្ត ប្រចាំថ្ងៃ ព្រហស្បតិ៍ ទី ២៣ ខែ ធ្នូ ឆ្នាំ ២០២១

ឆ្នាំជូត​: ​រាសី​ល្អជា​មធ្យម​។ ការរស់នៅ​មិន​ថា​ទៅ​ទីណា តែងមាន​ក្រុមមនុស្ស​បង្កបញ្ហា​ថ្នាំងថ្នាក់​ខ្លះៗ​កើតឡើង​ហើយ​ពិសេស​ងាយ​យល់​ខុស​ទៀតផង​។​ការប្រកប​ការងារ​នៅក្នុង​ថ្ងៃនេះ​លោកអ្នក​ងាយ​ត្រូវ​ក្រុម​មនុ​សុ្ស​បង្កបញ្ហា​ឬ ខឹងសម្បា​ក្នុង​រឿង​អ្វីមួយ ហើយ​ពិសេស​គេ​អាច​កើតជា​គំនុំ​ដោយសារតែ​សម្តី​មិនចេះ​ទប់​ផង​ដូចនេះ​គប្បី​មានការ​ប្រយ័ត្នប្រយែង​។​សម្រាប់​ការប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​អាចមាន​បាតុភាព​រកាំរកូស​ខ្លះៗ​កើតឡើង ដូចនេះ​ត្រូវ​ចេះ​បើក​ចិត្ត​ឱ្យ​ទូលាយ​ដោយ​ធ្វើ​មិនដឹងមិនឮ​ចំពោះ​រឿង​រាវ​ខ្លះ​ទើប​ប្រសើរ​បំផុត​។​
ស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​ពុំ​ល្អ​ទេ​គប្បី​មានការ​ត្រួតពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ព្រោះ​ច្រើន​ជួប​គូកម្ម​ច្រើនជាង​គូព្រេង​៕

ឆ្នាំឆ្លូវ​: ​រាសី​ខ្ពស់ត្រដែត​។​ក្នុង​រយៈ​ពេលនេះ​ដោយសារ​រាល់​ចង្រៃឧបទ្រព និង​រាល់​ឧបសគ្គ​ត្រូវបាន​សាបរលាប​បាត់ស្រមោល​អស់រលីង​នោះ​ធ្វើឱ្យ​លោកអ្នក​មានជោគ​សិរី​គ្រាន់​គាប់ប្រសើរ​។​ការប្រកប​ការងារ​មាន​ភាពជឿនលឿន និង ការចុះ​សម្រុង​គ្នា​ឃើញថា​ច្រើន​គួរសម​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​បោះទុន​តូចធំ​មិន​ទាស់ខុស​អ្វី​ទេ​តែ​យ៉ាងណា​ត្រូវ​ចេះ​ពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ទើប​មិនត្រូវ​អសារ​បង់ប្រាក់​កាស​ដោយ​ប្រការ​ណាមួយ​។
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ស្រុះស្រួល​និង​ផ្អែមល្ហែម​ប្រពៃ​៕

ឆ្នាំខាល​: ​រាសី​ស្រុតចុះ​។​ការរស់នៅ​លោកអ្នក​មុន​ឱ្យ​នរណាម្នាក់​ខ្ចី​របស់របរ​ត្រូវ​ប្រយ័ត្នប្រយែង​ទើប​មិន​ជួប​នូវ​បញ្ហា​នៅពេល​ក្រោយ​វិញ​ត្រូវ​គ្រាំគ្រា​ចិត្ត​។​ក្នុងថ្ងៃនេះ​ងាយ​ឱ្យ​លោកអ្នក​កើត​នូវ​អារម្មណ៍​តប់​ប្រ​ម៉​ល់​និង​បញ្ចេញ​កំហឹង​ចេញមក​ណាស់ ម្ល៉ោះហើយ​ចូរ​ប្រយ័ត្ន​ក្លាយជា​រឿង​រាវ​ជាមួយ​អ្នកដទៃ​ផ្ទុះឡើង​ចៀស​មិន​រួច ។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ឃើញថា​មិន​ផ្តល់​ផល​ល្អ​សម្រាប់​ការធ្វើ​ជំនួញ​ធំៗ​ព្រោះថា​ផល​កម្រៃ​មិន​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ឡើយ​។​
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ជួប​រឿង​ប្រទាំង​ប្រទើស​និង​បង្ករឿង​ចំពោះ​គ្នាច្រើន​៕

ឆ្នាំថោះ​: ​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​មុននឹង​លោកអ្នក​ហា និយាយស្តី​អ្វី​ក៏ដោយ​តោង​តែមាន​ការប្រយ័ត្នប្រយែង​ពីព្រោះថា​បើកាលណា​ឭ​ដល់​ត្រចៀក​អ្នកដទៃ​ហើយ គឺ​គេ​នឹង​ចងចាំ​ជានិច្ច​។​ទាំង​ស្ត្រី​បុរស​លោកអ្នក​អាចមាន​ជីវិត​គាប់ប្រសើរ​ជាង​មុន បើសិន​មានការ​ព្យាយាម​អត់ធ្មត់​ក្នុងការ​បំពេញការងារ​។​សម្រាប់​លោកអ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ឱ្យ​ប្រយ័ត្ន​ពាក្យសម្តី​បន្តិច​ព្រោះ​ងាយ​ប៉ះទង្គិច​ជាមួយ​មនុស្ស​នៅ​ជុំវិញខ្លួន​បង្កើតជា​រឿង​រាវ​ណាស់ ។
សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​ចង់យក​កំហឹង​ទល់​កំហល់​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ឈានដល់​ការបែកបាក់​៕

ឆ្នាំរោង​: ​រាសី​ល្អជា​មធ្យម​។​ក្នុង​រយៈ​ពេលនេះ​មុននឹង​លោកអ្នក​ហាមាត់​និយាយស្តី​អ្វី​ក៏ដោយ​ចូរ​ចេះ​ប្រយ័ត្ន​មាត់​ប្រយ័ត្ន​ក​ព្រោះ​កាលបើ​មាន​សម្តី​និយាយ​ជ្រុលជ្រួស​លើ​សិទ្ធ​អ្នកដទៃ​តែ​បន្តិច​អាច​បង្ក​ជា​ទំនាស់​វិវាទ​ឡើង​។​ការប្រកប​ការងារ​នា​ថ្ងៃនេះ​វិញ​ពុំ​សូវ​ជឿនលឿន​ទៅមុខ​ទេ ហើយ​ពិសេស​ងាយ​ថយក្រោយ​កើតជា​បញ្ហា​ជាមួយ​ក្រុមការងារ​ថែមទៀត ។​សម្រាប់​ថ្ងៃនេះ​ដែរ​ដោយសារ​ដួង​រាសី​ស្រុតចុះ ដូចនេះ​ការប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​រកាំចិត្ត និង​ពិសេស​ឱ្យ​ប្រយ័ត្ន​ជម្លោះ​វិវាទ​កើតឡើង​។​
​ទំនាក់ទំនង​សេចក្តីស្នេហា​កំលោះ​ក្រមុំ​វិញ​មានដំណើរ​ថយក្រោយ​ច្រើនជាង​ការរីកលូតលាស់​ទៅមុខ​៕

ឆ្នាំម្សាញ់​: ​រាសី​ខ្ពស់ត្រដែត​។​មកដល់​ថ្ងៃនេះ​ដោយសារ​រាល់​ចង្រៃឧបទ្រព​បាន​សាបរលាប​បាត់ស្រមោល ម្ល៉ោះហើយ​ធ្វើឱ្យ​ដំណើរ​ជីវិត​ជួប​ភាព​សុខដុម​និង​ចម្រើន​លូតលាស់​គ្រាន់​គាប់ប្រសើរ​ឡើងវិញ​។​ចំពោះ​លោកអ្នក​ដែល​បំពេញការងារ​ក្រុមហ៊ុន​ឯកជន និង​ជា​មន្ត្រីរាជការ​មានដំណើរ​ជីវិត​ល្អប្រសើរ ហើយ​ធ្វើ​អ្វីៗ​តែង​ទទួល​ជា​ផ្លែផ្កា​គ្រាន់​ជាទី​មនោ​រម្យ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​រីកលូតលាស់​គួរសម ម្ល៉ោះហើយ​ជា​ឱកាសល្អ​ក្នុងការ​ពង្រីក​មុខរប​រ​ថ្មី​ឬ​បណ្តាក់ទុន​បន្ថែម​ព្រោះ​ផ្លែផ្កា​ដែល​ទទួលបាន​តែង​ហុច​មកវិញ​ដូច​សមប្រកប​។​
គូ​ស្វាមីភរិយា​ក្នុង​រយៈពេល​នេះ​មាន​ភាព​ល្អូកល្អិន​ល្អ​ណាស់ និង​មាន​សុភមង្គល​ក្នុង​គ្រួសារ​ទៀតផង​៕

ឆ្នាំមមី​: ​រាសី​ស្រុតចុះ​។​ថ្ងៃនេះ​ស្ត្រី​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​តាម​ផ្ចាញ់ផ្ចាល​កើត​ជម្លោះ​វិវាទ ហើយ​នាំ​ជះឥទ្ធិពល​អាក្រក់​ទៅ​គ្រា​ខាងមុខ​។​ការប្រកប​ការងារ​ងា​យ​ភ្លាំងភ្លាត់​ខ្ពស់ ហេតុនេះ​ត្រូវ​ចេះ​ចាត់ចែង និង ប្រយ័ត្នប្រយែង​ការងារ​ចាស់ៗ​ក៏​កាន់តែ​ប្រសើរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​ផល​លំបាក​ក្នុងការ​ប្រាក់កម្រៃ​បន្តិច ហើយ​បើ​មានការ​ជួញ​ឆ្ងាយ​ទៀតសោត​ចូរ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ ។​
ទំនាក់ទំនង​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ពីព្រោះ​ជួន​ផ្អែមល្ហែម​ជួន​ពាក់មុខយក្ស​ដាក់គ្នា​៕

ឆ្នាំមមែ​: ​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​លោកអ្នក​មិនត្រូវ​យកចិត្តទុកដាក់​សំដី​ក្រុមមនុស្ស​ពេក​ឡើយ​ពីព្រោះថា​នាំ​រំខាន​អារម្មណ៍ ហើយ​កើត​តែ​បញ្ហា​សៅហ្មង​តែប៉ុណ្ណោះ​។​ចំពោះ​កិច្ចការងារ​ប្រចាំថ្ងៃ​វិញ​ឃើញថា​ពុំមាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​គួរ​ជាទី​កត់សម្គាល់​ឡើយ​គឺ​ដូច​សព្វមួយដង​ទេ ។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ វិញ​មាន​ការហូរចូល​មួយៗ​គ្រាន់​បំពេញ​បំពង់​អញ្ចឹង​ដែរ​តែ​យ៉ាងណា​ការ​ជួញ​ធំដុំ​គប្បី​មានការ​ប្រយ័ត្នប្រយែង​ព្រោះថា​ងាយ​ចាញ់បោក​គេ​ណាស់​។​
សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ប្រែ​ប្រូ​ល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​ជួន​ទាស់ទែង​គ្នា​៕

ឆ្នាំវក​: ​រាសី​ខ្ពស់ត្រដែត​។​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ ម្ល៉ោះហើយ​ផ្តល់​ផល​ល្អ​ក្នុងការ​ទំនាក់ទំនង​ចរចា​ក្នុង​រឿង​អ្វីមួយ​ពីព្រោះថា​ផល​តែង​ឆ្លើយតប​មកវិញ​គ្រាន់​សម​ដូច​ប្រកប​។​ថ្ងៃនេះ​ដួង​រាសី​របស់លោក​អ្នក​បាន​លោត​ផ្លោះ​មក​ល្អប្រសើរ​តែ​យ៉ាងណា​ក៏​មិនល្អ​ទាំងអស់​ដែរ​គឺមាន​រឿង​រាវ​ខ្លះ​ក៏​អាក្រក់​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ចៀសផុត​ផល​លំបាក​ទាំងពួង​ទៅរួច​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​លោកអ្នក​មិន​ធ្លាប់​ចេញ​ធ្វើ​ជំនួញ​ផ្លូវ​ឆ្ងាយ​ហើយ​ចង់​សាក​ល្បងមើល​ក៏​ជាការ​ល្អប្រសើរ​ដែរ​ព្រោះ​តែង​ហុច​ផ្លែផ្កា​ដូច​សមប្រកប​ដែរ​។​
​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កំពុងមាន​ភាពស្រស់​ស្រាយ​និង​ផ្អែមល្ហែម​ប្រពៃ​ណាស់​៕

ឆ្នាំរកា​: ​រាសី​ខ្ពស់ត្រដែត​។​ថ្ងៃនេះ​បើ​ចង់​ពឹងពាក់​អាស្រ័យទៅលើ​អ្នកដទៃ​តែង​គេ​ជួយ​ជ្រោមជ្រែង​និង​ដោះស្រាយ​គ្រាន់​ស្រួលខ្លួន​។​សម្រាប់​កិច្ចការងារ​ថ្មី​ចាស់​បើ​មានការ​សម្រុក​ឬ​ព្យាយាម​ពុះពារ​ក៏​តែង​អាច​ទម្លុះទម្លាយ​សម្រេច​ជោគជ័យ​។​អ្នក​អាជីវករ​ទោះ​មានការ​ជួញ​ទីជិត​ឆ្ងាយ​តែង​អាច​ប្រមូល​ភោគផល​ចូល​ផ្ទះ​វិញ​គ្រាន់​គាប់ប្រសើរ​ដែរ​។
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី មាន​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ចំពោះ​គ្នា​ប្រពៃ​ណាស់​៕

ឆ្នាំច​: ​រាសី​ស្រុតចុះ​។​ក្នុងថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វីមួយ ឬ​សូម្បីតែ​នៅផ្ទះ​សម្បែង​ចូរ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​ដោយ​ប្រការ​ណាមួយ​។​ការប្រកប​ការងា​រវិ​ញ​មិនត្រូវ​ធ្វេសប្រហែស​ឡើយ ត្រូវតែមាន​ការប្រុងប្រយ័ត្ន និង ខិតខំ​ទើប​បញ្ហា​អាក្រក់​វា​នឹង​ប្រែ​មកជា​ល្អ​វិញ​។​ការធ្វើ​ជំនួញ​តែងមាន​ឧបទ្រពចង្រៃ​បិទបាំង​ធ្វើឱ្យ​ការ​ជួញ​ឆ្ងាយ​ជិត​មិនសូវ​សម​ដូច​ប្រកប​ឡើយ ហើយ​បើ​និយាយ​ពី​ចំណូល​នោះ​តិចតួចស្តួចស្តើង​ដោយ​អ្នកខ្លះ​សឹង​ថា​ចិញ្ចឹម​ខ្លួនឯង​មិន​គ្រាន់​មាត់​ផង​។​
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ត្រូវ​ចេះ​ទុកចិត្ត​គ្នា និង​មិនត្រូវ​ប្រកែប្រកាន់​ច្រើន​ឡើយ​ពីព្រោះថា​នោះ​សុទ្ធសឹង​នាំ​រឿង​រាវ​អំពល់ទុក្ខ​ប៉ុណ្ណោះ​៕

ឆ្នាំកុរ​: ​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ ដំណើរ​ជីវិត​របស់​លោកអ្នក​ពុំមាន​ឧបសគ្គ​អ្វី​ចូលមក​រារាំង​បិទបាំង​ដំណើរ​នាំ​ជួប​ការលំបាក​ពុះពារ​ច្រើន​នោះឡើយ ម្ល៉ោះហើយ​បើ​ចង់​ធ្វើ​អ្វី​តែង​ចម្រើន​លូតលាស់​ឈានទៅ​មុខជា​និច្ច​។​ដោយឡែក​នៅថ្ងៃនេះ​វិញ​ការប្រកប​ការងារ​ពុំមាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​ទេ​គឺ​ដូច​សព្វមួយដង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​ចំណូល​មិន​ត្រូវឱ្យ​អតិថិជន​ជំពាក់​ប្រាក់​ច្រើន​ទ្បើ​យ​ប្រយ័ត្ន​ជួប​រឿង​ដូច​ពាក្យចាស់​ថា​ពេល​ឱ្យ​ជំពាក់​ធូរ​ដូច​ទឹក​ហូរ ឯ​ការសង​មកវិញ​តឹង​ដូច​អូស​ឫស្សី​បញ្ច្រាស​ចុង​ហើយ​ស្រួល​មិន​ស្រួល​កើតមាន​ជម្លោះ​វិវាទ​គ្នា​ថែមទៀត​។
​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ភាពផុយស្រួយ​ជម្លោះ​វិវាទ ណាស់​គប្បី​ប្រយ័ត្នប្រយែង​៕

 

Leave a Reply

Your email address will not be published.