ម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា សម្រេចដោះដូរ អភិបាលស្រុក៣រូបនៅក្នុងខេត្តកំពង់ឆ្នាំង រួមមានស្រុកបរិបូណ៌ ស្រុកកំពង់លែង និងស្រុកជល់គិរី

(ភ្នំពេញ)៖ យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១នេះ បានសម្រេចបញ្ចប់តំណែងលោក យឹម សារិន ពីអភិបាលស្រុកបរិបូណ៌ ដាក់ជំនួសដោយលោក ចេង ចាន់ដូណា, បញ្ចប់តំណែងតំណែងលោក ហៃ មនោរម្យ ពីអភិបាលស្រុកជលគិរី ដាក់ជំនួសដោយលោក ដូវ គឹមស៊ីង និងបញ្ចប់តំណែងលោក សំ ចាន់ថន ពីអភិបាលស្រុកកំពង់លែង ដាក់ជំនួសដោយលោក យ៉ែម លក្ខិណា។

ក្នុងអនុក្រឹត្យ បានសម្រេចផ្ទេរភារកិច្ចលោក យឹម សារិន និងលោក ហៃ មនោរម្យ ទៅបម្រើការងារនៅរដ្ឋបាលខេត្តកំពង់ឆ្នាំងជំនួសវិញ។ ដោយឡែកអតីតអភិបាលស្រុកកំពង់លែង លោក សំ ចាន់ថន ដល់អាយុចូលនិវត្តន៍ បច្ចុប្បន្នកំពុងបម្រើការងារជាប្រធានគណៈកម្មការបក្សប្រជាជនកម្ពុជាស្រុកកំពង់លែង។

ការដោះដូរអភិបាលស្រុកក្នុងពេលនេះ គេមិនបានដឹងពីមូលហេតុនោះឡើយ។ តែអ្វីជាការកត់សម្គាល់ការដោះដូរបានធ្វើឡើង បន្ទាប់ពីស្រុកទាំង៣ បានរងការកាប់ទន្ទ្រានកាន់កាប់យកដីព្រៃលិចទឹកបឹងទន្លេសាបជាច្រើនហិកតា ក្នុងខេត្តកំពង់ឆ្នាំង មានដីព្រៃលិចទឹកប្រមាណ ២៧,៨៣៨.១៥ហិកតា ត្រូវបានប្រជាពលរដ្ឋប្រគល់ជូនរដ្ឋវិញ ក្រោយពីមានប្រតិបត្តិការក្តៅ ក្រោមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន ឱ្យប្រមូលដីព្រៃលិចទឹកទាំងនោះត្រឡប់មកវិញ៕

 

Leave a Reply

Your email address will not be published.