លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអនុញ្ញាតឲ្យលោកជំទាវ ដេវីយ៉ានី ខូប្រាហ្គាដេ (Devyani Khobragade) ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម

ភ្នំពេញ ៖ នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអនុញ្ញាតឲ្យលោកជំទាវ ដេវីយ៉ានី ខូប្រាហ្គាដេ (Devyani Khobragade) ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម ។ 

ក្នុងឱកាសនោះដែរ លោកជំទាវឯកអគ្គរដ្ឋទូត បានលើកឡើងអំពីចំណងមិត្តភាពរវាងប្រទេសទាំងពីលើកិច្ចសហប្រតិបត្តិការគ្រប់វិស័យដែលប្រទេសឥណ្ឌាបានជួយកម្ពុជា តាមរយៈ វិស័យអប់រំ ហេដ្ឋារចនាសម្ព័ន្ធ សុខាភិបាល កសិកម្ម និងវស័យសាសនាជាដើម ។ លោកជំទាវក៏បានកោតសសើរអំពីការរីកចំរើនយ៉ាងឆាប់រហ័សរបស់កម្ពុជា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ។ លោកជំទាវបានបន្តទៀតថា ឆ្នាំ២០២២ នេះគឺជាខួបលើកទី ៧០ នៃទំនាក់ទំនងទ្វេរភាគី ហើយក៏ឆ្នាំពិសេសមួយ ដែលប្រទេសកម្ពុជាបានធ្វើជាម្ចាស់ផ្ទះអាស៊ាន ។ 

លោកជំទាវក៏បានស្នើឲ្យលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និងគណៈប្រតិភូបានបំពេញទស្សនៈកិច្ចជាផ្លូវការនៅប្រទេសឥណ្ឌានៅពេលវេលាណាមួយ ដោយសារតែនៅឆ្នាំ ២០២២ នេះមានកម្មវិធីជាច្រើនដែលពាក់ព័ន្ធនឹងវិស័យសាសនាផងដែរ ។  លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានគាំទ្រនូវគំនិតផ្តួចផ្តើមរបស់ លោកជំទាវឯកអគ្គរដ្ឋទូត និងបានស្នើឲ្យភាគីឥណ្ឌាជួយបណ្តុះបណ្តាលជំនាញអធិការកិច្ចដល់មន្ត្រីនៃវិទ្យាស្ថានជាតិអធិការកិច្ចរបស់កម្ពុជា និងការបំពេញទស្សនៈកិច្ចខ្លីៗដែលពាក់ព័ន្ធនឹងជំនាញផងដែរ៕ 

 

Leave a Reply

Your email address will not be published.