ពិធីបញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាលថ្មីរបស់រដ្ឋសភាកម្ពុជា ដែលជាជំនួយរបស់រដ្ឋាភិបាលវៀតណាម

ភ្នំពេញ: នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ ក្នុងពេលបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា លោក ង្វៀន សួនហ៊្វុក (Nguyen Xuan Phuc) ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានចូលជួបសម្តែងការគួរសមជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅវិមានរដ្ឋសភា ។

បន្ទាប់ពីជំនួបសម្តែងការគួរសមហើយ សម្តេចប្រធានរដ្ឋសភា និងលោកប្រធានរដ្ឋ បានអញ្ជើញជាអធិបតីភាពរួមគ្នា នៅក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាលថ្មីរបស់រដ្ឋសភាកម្ពុជា ដែលជាជំនួយរបស់រដ្ឋាភិបាលវៀតណាម នៅក្នុងបរិវេណវិមានរដ្ឋសភាផងដែរ។

សម្តេចចក្រី ហេង សំរិន បានលើកឡើងថា ទោះបីជាប្រឈមនឹងវិបត្តិជំងឺកូវីដ-១៩ក្តី ក៏កិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-វៀតណាម នៅតែប្រព្រឹត្តទៅយ៉ាងល្អប្រសើរលើគ្រប់វិស័យ ជាពិសេសបានចែករំលែកព័ត៌មាន និងជួយគ្នាទៅវិញទៅមកក្នុងការប្រយុទ្ធប្រឆាំងជំងឺនេះ តាមរយៈកិច្ចសហប្រតិបត្តិការ និងការជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមក ទាំងថវិកា និងសម្ភារបរិក្ខាពេទ្យ។

ជាមួយគ្នានេះ ក្នុងនាមរដ្ឋសភាកម្ពុជាសម្តេចបានថ្លែងអំណរគុណចំពោះជំនួយជាថវិកាចំនួន ២៥លានដុល្លារអាម៉េរិក ដែលបក្សរដ្ឋ និងប្រជាជនវៀតណាម បានផ្តល់ជូនសម្រាប់កសាងអគាររដ្ឋបាលរដ្ឋសភា ដែលបានធ្វើពិធីបញ្ចុះបឋមសិលានាពេលនេះ។

លោក ង្វៀន សួនហ៊្វុក បានអបអរសាទរចំពោះសមិទ្ធផលជាប្រវត្តិសាស្ត្រ និងសំខាន់ៗដែលព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម សម្រេចបាននាពេលកន្លងមក ទំាងនៅស្ថាប័ននីតិប្បញ្ញតិ្ត និងនីតិប្រតិបត្តិ។

សូមជម្រាបជូនថា អគាររដ្ឋបាលរដ្ឋសភាថ្មី ដែលជាជំនួយរបស់រដ្ឋាភិបាលវៀតណាមនេះ មានកម្ពស់១២ជាន់ និងមានចំណតរថយន្តចំនួនពីរជាន់ទៀត ជាសំណង់ដែលប្រកបដោយសោភ័ណភាពនឹងក្លាយជានិមិត្តរូបនៃមិត្តភាពរវាងប្រជាជាតិកម្ពុជា និងប្រជាជាតិវៀតណាមជារៀងតទៅ៕

 

Leave a Reply

Your email address will not be published.