លោក ង្វៀង សួនហ៊្វុក បានអញ្ជើញសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា ទៅបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម

(ភ្នំពេញ)៖ នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១នេះ នៅក្នុងឱកាសជំនួបសំដែងការគួរសម  លោក ង្វៀង សួនហ៊្វុក (Nguyen Xuan Phuc) ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជើញសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា ទៅបំពេញទស្សនកិច្ចនៅប្រទេសវៀតណាមក្នុងពេលវេលាសមស្របណាមួយ។

នៅក្នុងឱកាសនោះ លោក ង្វៀង សួនហ៊្វុក បានលើកឡើងថា ប្រជាជន និងប្រទេសទាំងពីរបានប្រគៀកស្មា និងសហការគ្នាយ៉ាងល្អប្រសើរ ដើម្បីរួមគ្នាតស៊ូជាមួយពួកចក្រពត្តិ។ តាំងពីពេលមុនរហូតមកដល់ពេលបច្ចុប្បន្ននេះ ប្រទេសទាំងពីរ បានទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រពៃ និងកាន់តែរីកចម្រើនថែមទៀត។

លោក ង្វៀង សួនហ៊្វុក បានបន្តទៀតថា ប្រទេសទាំងពីរ បានធ្វើការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យ ដូចជាវិស័យការពារជាតិ សន្តិសុខ វប្បធម៍ សេដ្ឋកិច្ច និងវិស័យអប់រំ។ល។ ហើយបច្ចុប្បន្ននេះ ទំហំពិណិជ្ជកម្មនៃប្រទេសទាំងពីរមានការកើនឡើងជាលំដាប់ ដោយសម្រេចបានប្រហែលជាង ៩ពាន់លានដុល្លារអាមេរិក។

បន្ថែមពីនេះលោកសង្ឃឹមថា នាពេលខាងមុខនេះ ប្រទេសទាំងពីរនឹងបន្តពង្រឹងពង្រីកទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃ ដើម្បីចាត់ទុកជាមរតកឱ្យយុវវជនជំនាន់ក្រោយ។

ក្នុងនាមព្រឹទ្ធសភា និងប្រជាជនកម្ពុជា ក្នុងនាមសម្តេចផ្ទាល់ សម្តេចប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបក្ស រដ្ឋាភិបាល កងទ័ព និងប្រជាជនវៀតណាម ដែលបានជួយឧបត្ថម្ភគាំទ្រដល់បុព្វហេតុ ត្រឹមត្រូវ និងយុត្តិធម៌របស់ប្រជាជនកម្ពុជាក្នុងគ្រប់ដំណាក់កាលទាំងអស់។ ប្រទេសកម្ពុជាបានប្តេជ្ញាចិត្តឥតងាករេដើម្បីការពារ ថែរក្សា និងអភិវឌ្ឍទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ តាមស្មារតី «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រឹងមាំ និងយូរអង្វែង»។

សម្តេចប្រធានព្រឹទ្ធសភាបានសម្តែងនូវការអបអរសាទរចំពោះសមិទ្ធផលដ៏មហាសាលរបស់បក្ស រដ្ឋាភិបាល និងប្រជាជនវៀតណាម ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់បក្សកុម្មុយនីស្តវៀតណាម។

សម្តេចបានប្រសិទ្ធពរសូមឱ្យប្រទេសវៀតណាម បន្តសម្រេចបាននូវសមិទ្ធផលសង្គម-សេដ្ឋកិច្ចធំៗបន្ថែមទៀត ស្របតាមសេចក្តីសម្រេចនៃមហាសន្និបាតលើកទី១៣ របស់បក្សកុម្មុយនីស្តវៀតណាម៕

 

Leave a Reply

Your email address will not be published.