(ព្រះសីហនុ)៖ ឃាត់ខ្លួនជនសង្ស័យបានចំនួន៨នាក់ ពាក់ព័ន្ធអំពើលួច និងទទួលផលចោរកម្ម

(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានប្រាប់អោយដឹងថា  នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង៩ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានទទួលបណ្តឹងពីប្រជាពលរដ្ឋម្នាក់ថា ខ្លួនបានបាត់ម៉ូតូ ១គ្រឿង ZOOMER X ឆ្នាំ២០១៨ ពណ៌ស្វាយ ពាក់ស្លាកលេខ ព្រះសីហនុ 1G-6945 ដែលចតទុកនៅមុខបន្ទប់ជួលនៅក្រុមទី១៩ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។

លោកបានបន្តថា បន្ទាប់ពីទទួលបណ្តឹងរួច កម្លាំងជំនាញផែនការងារព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួន៨នាក់ ជាបន្តបន្ទាប់ ក្នុងនោះមានជនសង្ស័យចំនួន៦នាក់ ពាក់ព័ន្ធនឹងករណីលួចកាច់បំបែកសោកម៉ូតូ ចំណែក២នាក់ទៀត ពាក់ព័ន្ធនឹងករណីទទួលផលចោរកម្ម។ ជនរងគ្រោះឈ្មោះ សៀង ចាន់ដា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរចុងភៅ មានទីលំនៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។

ជនសង្ស័យពាក់ព័ន្ធនឹងករណី លួចកាច់បំបែកសោកម៉ូតូចំនួន៦នាក់ មានឈ្មោះដូចខាងក្រោម៖

១-ឈ្មោះ សុង វិច្ឆិកា ហៅ អឿន អាយុ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ
២-ឈ្មោះ ហាក់ វិទូ អាយុ១៦ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ
៣-ឈ្មោះ យ៉ាវ ឧត្តម អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ មិនពិតប្រាកដ
៤-ឈ្មោះ សំ សុខជា អាយុ១៥ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ មិនពិតប្រាកដ
៥-ឈ្មោះ ម៉ូង ឡុង អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ មិនពិតប្រាកដ
៦-ឈ្មោះ ឈឿន ពិទូ អាយុ១៦ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ មិនពិតប្រាកដ។

ដោយឡែកជនសង្ស័យពាក់ព័ន្ធនឹងករណីទទួលផលចោរកម្ម ចំនួន២នាក់មានឈ្មោះដូចខាងក្រោម៖

១-ឈ្មោះ រឿន ពៅ អាយុ៣៥ឆ្នាំ មុខរបរជាងម៉ូតូ ស្នាក់នៅភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ
២-ឈ្មោះ រឿន បូរ៉េត អាយុ៤៣ឆ្នាំ មុខរបរជាងម៉ូតូ ស្នាក់នៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។

សម្ភារវត្ថុតាងចាប់យកបាន៖
*ម៉ូតូចំនួន ៦គ្រឿង ម៉ាក ZOOMER X ៤គ្រឿង, ម៉ាក HONDA ICON ១គ្រឿង និង SUZUKI MIO ១គ្រឿង
*ស្លាកលេខម៉ូតូ ចំនួន ១២សន្លឹក
*កញ្ចក់ម៉ូតូ ១គូ
*កាងម៉ូតូ ១។

សម្រាប់ករណីខាងលើនេះ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សូមជូនព័ត៌មានដល់ជនរងគ្រោះដែលបាត់ម៉ូតូ សូមរួសរាន់មកពិនិត្យម៉ូតូ ដែលសមត្ថកិច្ចដកហូតបាននៅការិយាល័យព្រហ្មទ័ណ្ឌកំរិតស្រាល ដើម្បីយកត្រឡប់ទៅវិញ៕

Leave a Reply

Your email address will not be published.