រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងសាងសង់ស្ពានអាកាសថ្មីមួយកន្លែងទៀត នៅចំណុចភ្លើងស្តុបផ្សារស៊ិនជូរីផ្លាហ្សានេះ ដើម្បីសម្រួលចរាចរណ៍ដល់បងប្អូនប្រជាពលរដ្ធ

ភ្នំពេញ៖ ដោយសារការកកស្ទះចរាចរណ៍រាល់ថ្ងៃនៅតំបន់ភ្លើងស្តុបផ្លូវលេខ២០០៤ កែងនៅផ្លូវសហព័ន្ធរុស្ស៊ី នៅក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាល់ថ្ងៃនោះ រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងសាងសង់ស្ពានអាកាសថ្មីមួយកន្លែងទៀត នៅចំណុចភ្លើងស្តុបផ្សារស៊ិនជូរីផ្លាហ្សានេះ ដើម្បីសម្រួលចរាចរណ៍ដល់បងប្អូនប្រជាពលរដ្ឋ ឆ្លងកាត់ផ្លូវលេខ២០០៤ ក៏ដូចជាផ្លូវសហព័ន្ធរុស្ស៊ី និងផ្លូវលេខ២០១១។

នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំតាមរយៈការបញ្ជូនរូបភាព និងសម្លេង ( Video Conference ) ជាមួយនឹងកងកម្លាំង​ទាំង​ពីរប្រភេទ មន្ទីរពាក់ព័ន្ធ និងអាជ្ញាធរខណ្ឌទាំង១៤ កាលពីល្ងាចថ្ងៃទី ២០ ធ្នូ ឆ្នាំ២០២១នេះ នៅ​សាលារាជធានីភ្នំពេញ ។

ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា ការស្ថាបនាស្ពានអាកាស និងផ្លូវក្រោមដី​នៅ​រង្វង់មូល​ចមចៅ បានស្ថាបបានច្រើនភាគរយហើយ និងបាន​ដាក់​ឲ្យដំណើរការ ផ្លូវមួយចំនួន​នៃ​ស្ពានអាកាស​ និងផ្លូវក្រោមដីនេះហើយដែរ ។

ស្ពានអាកាស និងផ្លូវក្រោមដីនៃរង្វង់មូលចោមចៅនេះ ក្រោយពីមានការដាក់ឲ្យដំណើរការ ផ្លូវមួយ​ចំនួននៃស្ពាននេះ​ លំហូរសារាចរនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ,ផ្លូវលេខ២០០៤​ក៏ដូចជា​ផ្លូវលេខ​២០១១ ​មានការកកស្ទះចរាចរណ៍​យ៉ាងខ្លាំង ដែលតម្រូវឲ្យរដ្ឋបាលរាជធានីភ្នំពេញ​ធ្វើការ​សិក្សា ដើម្បីសាងសង់ស្ពានអាកាសថ្មីមួយទៀត ​នៅចំណុចខាងលើនេះ ដើម្បីសម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់បងប្អូនប្រជាពលរដ្ឋ។

ស្ពានអាកាសថ្មីមួយនេះគ្រោង​ នឹងបើកការដ្ឋានស្ថាបនា ក្រោយពីបើកសម្ពោធដាក់​ឲ្យប្រើប្រាស់​ជា​ផ្លូវការនូវស្ពានអាកាស និងផ្លូវក្រោមដីនៃរង្វង់មូលចោមចៅ ។ នៅពេលការ​ដោះស្រាយ​ចរាចរណ៍​នៅ​រង្វង់មូលចោមចៅបានល្អប្រសើរហើយ​ វាបែរមកកកស្ទះចរាចរណ៍ នៅ​ចំណុច​ស្តុបផ្សារស៊ិនជូរីផ្លាហ្សា ​(ផ្លូវ២០០៤ កែងផ្លូវសហពន្ធរូស៊ី) នេះតែម្ដង ដែល​តម្រូវ​ឲ្យរដ្ឋបាល​រាជធានី​ភ្នំពេញ ​ត្រូវតែធ្វើការសិក្សា ដើម្បីសាងសង់ស្ពានអាកាសថ្មីមួយទៀតនេះ៕

 

 

Leave a Reply

Your email address will not be published.