រដ្ឋាភិបាលម៉ាឡេស៊ី បានចាត់ទុកថាគ្រោះទឹកជំនន់នៅម៉ាឡេស៊ី វាជាគ្រោះទឹកជំនន់ដ៏អាក្រក់ មិនធ្លាប់មានឡើងក្នុងរយៈពេល ១០០ឆ្នាំមកនេះ

(គូឡាឡាំពួ)៖ បើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នាព្រឹកថ្ងៃអង្គារ ទី២១ ខែធ្នូ ឆ្នាំ២០២១។ ទឹកជំនន់ដែលភ្លៀងធ្លាក់យ៉ាងគំហុក ទៅលើឧបទ្វីបម៉ាឡេស៊ីកាលពីចុងសប្តាហ៍មុននេះ ដែលបង្ហាញយ៉ាងច្បាស់អំពីផលប៉ះពាល់កាន់តែធ្ងន់ធ្ងរ បង្កឡើងដោយការប្រែប្រួលបរិយាកាសផែនដី ខណៈរដ្ឋាភិបាលម៉ាឡេស៊ីបានចាត់ទុកថា វាជាគ្រោះទឹកជំនន់ដ៏អាក្រក់ មិនធ្លាប់មានឡើងក្នុងរយៈពេល ១០០ឆ្នាំមកនេះ។

 

ស្ថានការណ៍អាសន្នដែលទើបកើតមានឡើងនេះ បាននាំឲ្យក្រុមអ្នកជំនាញផ្នែកបរិស្ថាន នៅក្នុងប្រទេសម៉ាឡេស៊ី ជំរុញឲ្យអាជ្ញាធរបង្កើនការសិក្សា និងរៀបចំផែនការ ដើម្បីលើកស្ទួយការអភិវឌ្ឍប្រកបដោយចីរភាព នោះគឺការអភិវឌ្ឍដែលមិនបង្កផលប៉ះពាល់ ទៅដល់បរិស្ថានធម្មជាតិ។ កាលពីថ្ងៃសុក្រ និងថ្ងៃសៅរ៍សប្តាហ៍មុននេះ រដ្ឋមួយចំនួនរបស់ម៉ាឡេស៊ីដូចជា សេឡាំងហ្គ័រ (Selangor), ណេហ្គឺរី សឹមប៊ីឡាន (Negeri Sembilan), កេឡាន់តាន់ (Kelantan), ផេហាង (Pahang), មេឡេកា (Melaka) និង ទែរែងហ្គានូ (Terengganu) បានទទួលរងភ្លៀងយ៉ាងដំណំ ដែលបានបង្កទៅជាគ្រោះទឹកជំនន់។

បើតាមក្រសួងធនធានទឹក និងបរិស្ថាននៃប្រទេសម៉ាឡេស៊ី បានអះអាងនៅដើមសប្តាហ៍នេះថា ប្រព័ន្ធសម្ពាធទាបបានបង្កឲ្យមានភ្លៀងធ្លាក់ នៅបណ្តារដ្ឋក្នុងឧបទ្វីបម៉ាឡេស៊ីរយៈពេល ២៤ម៉ោងឯណោះ ហើយកម្រិតទឹកភ្លៀង ដែលបានធ្លាក់មកនោះ គឺស្មើនឹងចំនួនទឹកភ្លៀងដែលធ្លាក់ក្នុងរយៈពេល ១ខែ។ ខេត្តមួយចំនួនរបស់ប្រទេសថៃ ដែលជាប់នឹងព្រំដែនម៉ាឡេស៊ី ក៏បានកើតមានគ្រោះទឹកកកជំនន់ផងដែរ៕

 

Leave a Reply

Your email address will not be published.