វ៉ាក់សាំង​ជំរុញ​របស់​ក្រុមហ៊ុន Moderna ​ផ្តល់​ការការពារ​ខ្ពស់​ប្រឆាំង​នឹង​មេរោគ​បំប្លែង​ខ្លួន​អូ​មី​ក្រុង

 វ៉ាក់សាំង​ជំរុញ​របស់​ក្រុមហ៊ុន Moderna គួរតែ​ផ្តល់​ការការពារ​ខ្ពស់​ប្រឆាំង​នឹង​មេរោគ​បំប្លែង​ខ្លួន​អូ​មី​ក្រុង នេះ​យោង​តាម​លទ្ធផល​មន្ទីរ​ពិសោធន៍​ដែល​បាន​​ចេញ​ផ្សាយ​ដោយ​ក្រុមហ៊ុន​កាលពី​ថ្ងៃ​ចន្ទ​ទី​២០​ធ្នូ​។​ ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​ធ្វើតេស្តិ៍​មេរោគ​បំ​ប្លែង​ថ្មី​នេះ​ទល់នឹង​ឈាម​របស់​មនុស្ស​ដែល​បាន​ចាក់​វ៉ាក់សាំង Moderna បី​ដូស និង​វាស់​កម្រិត​អង្គ​បដិ​ប្រាណ​របស់​វា​។​

​ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញថា ដូសទី​បី​បាន​បង្កើនក​ម្រិត​អង្គ​បដិ​ប្រាណ​បន្សាប​មេ​រោគអូ​មី​ក្រុង​ប្រហែល ៣៧ ដង​ធៀប​ទៅ​នឹង​ការថយចុះ​នៃ​ភាពស៊ាំ​ពី​ការចាក់​ពី​រដូស​។​

​ ​ការសិក្សា​អំពី​អង្គ​បដិ​ប្រាណ​គឺ​នៅមានកម្រិត ដោយសារ​ពួក​វា​វាស់​ស្ទង់​ទិដ្ឋភាព​ជាក់លាក់​មួយ​នៃ​ប្រព័ន្ធ​ភាពស៊ាំ និង​មិន​គិត​ពី​ភាពស៊ាំ​នៃ​កោសិកា T និង B​ដែល​មាន​សារៈសំខាន់​សម្រាប់​ការការពារ​​ប្រឆាំង​នឹង​ជំងឺ​ធ្ងន់ធ្ងរ​ប៉ុន្តែ​ពិបាក​ក្នុង​ការវាស់វែង​។​

​វ៉ាក់សាំង​កូ​វីដ​របស់​ក្រុមហ៊ុន​កំពុង​ត្រូវបាន​ប្រើប្រាស់​ជាមួយ​នឹង​វ៉ាក់សាំង Pfizer​នៅក្នុង​យុទ្ធនាការ​ចាក់ដូស​ជំរុញ​ទ្រង់ទ្រាយ​ធំ​នៅ​ចក្រភព​អង់គ្លេស​។​

​ដំណឹង​នេះ​កើត​ឡើង​នៅ​ពេល​ដែល​ចក្រភព​អង់គ្លេស​សម្លឹង​ដាក់ចេញ​ការទប់ស្កាត់​បន្ថែមទៀត ខណៈ​ការរីក​រាលដាល​នៃ​មេរោគ​អូ​មី​ក្រុង​បាន​បណ្តាលឱ្យ​ករណី​ឆ្លង​នៅក្នុង​ចក្រភព​អង់គ្លេស​កើនឡើង​ដល់ ៨២.៨៨៦ នាក់​កាលពី​ថ្ងៃ​សៅរ៍ ដោយ​កើនឡើង ៦៤,៤ ភាគរយ​កាលពី​សប្តាហ៍​មុន​៕

 

Leave a Reply

Your email address will not be published.