ហោរាសាស្រ្ត ប្រចាំថ្ងៃ អង្គារ ទី ២១ ខែ ធ្នូ ឆ្នាំ ២០២១

ឆ្នាំជូត​: ​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​លោកអ្នក​ខ្លះ​ងាយ​ជួប​បញ្ហា​ចំពោះមុខ​ណាស់ ហើយ​ធ្វើ​អ្វី​ក៏ដោយ​ប្រៀប​ដូច​អុំទូក​បញ្ច្រាស​ទឹក​ដែល​មិន​ងាយ​ទៅមុខ​តែ​ងាយ​ថយក្រោយ​។​ការប្រកប​ការងារ​បើ​មិន​ខិតខំ​ស្រវាស្រទេញ​ទេ​ពិតជា​ជួប​ផល​លំបាក​ខ្លាំង​ជាក់​ជាពុំខាន​។​
​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មិន​ថា​លោកអ្នក​ប្រកប​របរ​ទីជិត​ឆ្ងាយ​តែង​កើត​មានរឿង​រកាំរកូស ហើយ​អាច​កើត​បញ្ហា​ជម្លោះ​ច្រើន ដូចនេះ​បើ​មិនចេះ​រំងាប់​ចិត្ត ហើយ​បណ្តោយ​តាម​ហិង្សា​ទេ​ពិតជា​កើតរឿង​រាវ​នាំ​អំពលទុក្ខ​យក​ត្រឡប់មកផ្ទះ​វិញ​ជាក់​ជាពុំខាន​។
សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានដំណើរ​ថយក្រោយ​ព្រោះតែ​ម្នាក់ៗ​យក​ភាព​ចង់​ចាញ់ឈ្នះ​គ្នា​ដាក់ខ្លួន​ច្រើន​៕

ឆ្នាំឆ្លូវ​: ​រាសី​ល្អជា​មធ្យម​។​ចំពោះ​ស្ត្រី នៅក្នុង​ផ្ទះសម្បែង​ងាយ​កើត​ជម្លោះ​វិវាទ​ណាស់​ចូរ​ចេះ​ធ្វើគ​ធ្វើ​ថ្លង់​ខ្លះ​ទើប​គ្មាន​បញ្ហា​ចម្រូងចម្រាស​កើតមានឡើង​។​នៅ​កន្លែងធ្វើការ​ងារ​តែង មានការ​ចាប់កំហុស​គ្នាច្រើន ហើយ​ទាល់តែ​អត់ឱន​ឱ្យ​គ្នា​ទើប​គ្មាន​បញ្ហា​ជម្លោះ​ពាក្យសម្តី​កើតឡើង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​បោះទុន​តូចធំ​ឬ​ទិញ​ទំនិញស្តុក​ទុក​លក់​រយះពេល​ខ្លី​ឬ​វែង​តែង​ហុច​ផ្លែផ្កា​គួរសម​ផងដែរ​។​
រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

ឆ្នាំខាល​: ​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ត្រូវ​ចេះ​ត្រៀម​ទប់ទល់​បញ្ហា​ពីព្រោះថា​ផល​អាក្រក់​ងាយ​កើតឡើង​ជាង​សព្វមួយដង​។​ការប្រកប​ការងារ​លោក​អ្នក​ងាយ​ទទួលរង​ផល​ប៉ះទង្គិច ហើយ​ពិសេស​ភ្លើង​ក្រហម​រង់ចាំ​ច្រើន​តែម្តង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​ចំណូល​មិន​ត្រូវឱ្យ​អតិថិជន​ជំពាក់​ប្រាក់​ច្រើន​ទ្បើ​យ ពីព្រោះ​ផល​កម្រៃ​ងាយ​បាត់បង់​ណាស់ដែរ ។
រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​កុំ​ចង់​ទុំ​មុន​ស្រគាល​ប្រយ័ត្ន​កើតរឿង​ធំ​គ្មាន​នរណា​ជួយ​កើត​៕

ឆ្នាំថោះ​: ​រាសី​ស្រុតចុះ​។​ដំណើរ​ជីវិត​របស់​លោកអ្នក​ស្ថិតនៅលើ​កំណាត់​ផ្លូវ​រដិបរដុប ម្ល៉ោះហើយ​ឱ្យ​ប្រយ័ត្ន​បញ្ហា​សុខភាព​ពីព្រោះថា​ងាយ​កើតមាន​ជាង​សព្វមួយដង​។​នៅថ្ងៃនេះ​បើទោះបី​ដួង​រាសី​ស្រុតចុះ ប៉ុន្តែ​លោកអ្នក​នៅតែ​អាចធ្វើ​អ្វីៗ​បានដែរ​ពីព្រោះថា​ផល​តែង​ឆ្លើយតប​មកវិញ​គ្រាន់​ពេញចិត្ត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​លោកអ្នក​មានដំណើរ​ជីវិត​ជួប​ផល​ប៉ះទង្គិច​ច្រើន ដូចនេះ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​ប្រយ័ត្ន​ថ្លោះធ្លោយ ធ្លាក់​ក្នុង​គ្រោះ​ចាញ់បោក​គេ​។​
បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ភាព​សោះកក្រោះ​ងាយ​ទាំង​កើត​ជម្លោះ​វិវាទ​និង​ងាយ​ទាំង​ត្រូវរ៉ូវ​គ្នា​៕

ឆ្នាំរោង​: ​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រេចចិត្ត​ទិញ​ផ្ទះសម្បែង លេង​ហ៊ុន ឬ​ចរចា​ក្នុង​រឿង​អ្វីមួយ​ផង​។​បើ​លោកអ្នក​ចាប់​កិច្ចការងារ​សំខាន់ៗ​កាន់តែ​ល្អ​ពីព្រោះថា​ផល​ជា​ផ្លែផ្កា​មាន​ច្រើន​ចំពោះមុខ​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​នៅថ្ងៃនេះ​គឺមាន​សន្ទុះ​ជឿនលឿន​ទៅមុខ ហើយ​ត្រូវ​រក្សា​ភាពស្ងប់ស្ងាត់​ដាច់ខាត​បើ​ធ្វើ​ជំនួញ​បាន​កាក់កប​ល្អ​មិនត្រូវ​ក្អេងក្អាង​ឡើយ​បើ​ពុំ​នោះទេ​អាច​ហុច​ផល​អាក្រក់​ណាមួយ​មកវិញ​ជាក់​ជាពុំខាន​។​
រីឯ​បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​ប្រុស​ស្រី​មាន​ភាព​ស្រស់ស្រាយ​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​៕

​ឆ្នាំម្សាញ់​: ​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​បើ​លោកអ្នក​ធ្វើ​អ្វី​មិន​ធ្វេសប្រហែស ឬ​មិន​ធ្វើ​អ្វីដែល​ជាការ​ប្រមាថមើលងាយ​នោះ​បញ្ហា​មិនល្អ​ក៏​មិនអាច​ឈានចូល​កើត​ដែរ​។​ក្រៅពីនេះ​មិនត្រូវ​ទៅជិត​តំបន់​ប្រឈម​បញ្ហា​អ្វីមួយ​ឡើយ​។​ដំណើរ​ជីវិត​មិនល្អ​ប្រសើរ​ទេ ហើយ​បើ​ចង់​ធ្វើ​អ្វីមួយ​ដែល​សំខាន់​ហើយ​ចង់​ធ្វើ​ការពន្យា​ពេល​ក៏​ប្រសើរ​ដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ត្រូវយក​ភាព​ឈ្នានីស​ឬ​មាត់​ឌឺដង​ដល់​អ្នកដទៃ​ឡើយ​ព្រោះ​ងាយ​កើត​ជម្លោះ​វិវាទ​ណាស់ ហើយ​ស្រួល​មិន​ស្រួល​កើតរឿង​រាវ​ប្រកាប់ប្រចាក់​គ្នា​ថែមទៀត​។​
សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មិនត្រូវ​ប្រកាន់​ភាព​មោហៈ​ទោសៈ​ដាក់ខ្លួន​នាំ​តែ​ជួប​បញ្ហា​ល្អក់កករ​ឥតឈប់ឈរ​តែប៉ុណ្ណោះ​៕

​ឆ្នាំមមី​: រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ជួប​លើ​កំណាត់​ផ្លូវ​ល្អប្រសើរ​គួរសម ហេតុនេះ​ចង់​ធ្វើ​អ្វី​តែង​ជឿនលឿន​គ្រាន់​ជាទី​កក់ក្តៅ​។ ថ្ងៃ​នេះដែរ​ផ្តល់​ផល​ល្អ​សម្រាប់​ចុះ​ប្រកបការងារ ឬ​សម្រេចចិត្ត​អ្វីមួយ​តែង​ហុច​ជា​លទ្ធផល​គ្រាន់​ជាទី​ពេញចិត្ត​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ បើ​ចង់​បើកហាង​ថ្មី​ឬ​ប្តូរ​មុខរបរ​ថ្មី​ជា​ឱកាស​ប្រពៃ​ព្រោះ​អាច​មានការ​ជឿនលឿន​គ្រាន់​គួរសម​។​
រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ការចេះ​អត់ឱន​ឱ្យ​គ្នា​និង​ផ្អែមល្ហែម​ដូច​សព្វមួយដង​៕

​ឆ្នាំមមែ​: រាសី​ខ្ពស់ត្រដែត​។​ថ្ងៃនេះ​ដួង​រាសី​ឡើង​ខ្ពស់ ម្ល៉ោះហើយ​ដូច​ពាក្យចាស់​ថា​“​ទឹក​ឡើង​ប្រញាប់​ដួស​ទុក​”​ពីព្រោះថា​លោកអ្នក​ធ្វើ​អ្វី​តែង​ទទួល​ជា​លទ្ធផល​គ្រាន់​ជាទី​គាប់ចិត្ត​ត្រឡប់មកវិញ​។​ទាំង​ស្ត្រី​បុរស​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ទំនាក់ទំនង​ការងារ ឬ ចេញ​ប្រកប​កិច្ចការងារ​អ្វីមួយ​ពីព្រោះថា​ផល​តែង​រង់ចាំ​ចំពោះមុខ​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​ដែរ​បើ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ពេលនេះ​ឃើញថា​មិន​គាប់ប្រសើរ​ប៉ុន្មាន​ទេ ប៉ុន្តែ​បើ​ចង់​បោះទុន​តូចធំ​សម្រាប់​ខ្លួនឯង​វិញ​គ្រាន់​គាប់ប្រសើរ​ជាង​។​
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​តែង​ជួប​គូព្រេង​ពិត​ដូច​សេចក្តីប្រាថ្នា​៕

ឆ្នាំវក​: ​រាសី​ល្អជា​មធ្យម​។​ការរស់នៅ​ចូរ​ប្រយ័ត្ន​កូនចៅ​ឬ​សូម្បីតែ​ចាស់ទុំ​ឪពុកម្តាយ​ងាយ​កើតជា​បញ្ហា​ជំងឺ​យាយី​ម្ល៉ោះហើយ​គប្បី​ចេះ​ប្រយ័ត្នប្រយែង​។​ការប្រកប​កិច្ចការងារ​ងាយ​កើត​បញ្ហា​មួយចំនួន​ចំពោះមុខ​ផង ហេតុនេះ​ត្រូវ​ដោះស្រាយ​ឱ្យទាន់​សភាពការណ៍​ទើប​ប្រសើរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​ចំណូល​ទោះបីថា​មាន​ភាពរលូន​ល្អ​ទៅមុខ​ក្តី​តែ​យ៉ាងណា​ក៏​កើតមាន​ភាព​រកាំរកូស​មិនតិច​ដែរ​ទេ ហើយ​ពិសេស​លោកអ្នក​ឱ្យ​ប្រយ័ត្ន​ចំណូល​តូចតាច​បោល​ហួស​ព្រោះ​រវល់​ស្រ​វ៉ា​ចាប់​តែ​អា​ធំ​។​
រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មិនមាន​ការលូតលាស់​ទៅមុខ​ទេ​គឺ​មានការ​ថយក្រោយ​ច្រើនជាង​៕

ឆ្នាំរកា​: ​រាសី​ស្រុតចុះ​។​បើ​មាន​អ្វីមួយ​ចង់​ធ្វើ​មិនត្រូវ​សង្ឃឹម​ពេក​ឡើយ ពីព្រោះថា​អ្វីដែល​លោកអ្នក​សង្ឃឹម​វា​អាច​ប្រែ​ក្រឡាស់​មកជា​អត់ និង​ពេលខ្លះ​ក្រុមមនុស្ស​ដែល​ធ្លាប់តែ​ល្អ​គេ​អាច​បែរមក​ព្រួត​គ្នា​វា​ប្រហារ​អ្នក​ថែមទៀត​។​ការប្រកប​ការងា​រវិ​ញ​មិនត្រូវ​ធ្វេសប្រហែស​ឡើយ ត្រូវតែមាន​ការប្រុងប្រយ័ត្ន និង ខិតខំ​ទើប​បញ្ហា​អាក្រក់​វា​នឹង​ប្រែ​មកជា​ល្អ​វិញ​។​ការធ្វើ​ជំនួញ​តែងមាន​ឧបទ្រពចង្រៃ​បិទបាំង​ធ្វើឱ្យ​ការ​ជួញ​ឆ្ងាយ​ជិត​មិនសូវ​សម​ដូច​ប្រកប​ឡើយ ហើយ​បើ​និយាយ​ពី​ចំណូល​នោះ​តិចតួចស្តួចស្តើង​ដោយ​អ្នកខ្លះ​សឹង​ថា​ចិញ្ចឹម​ខ្លួនឯង​មិន​គ្រាន់​មាត់​ផង​។​
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ត្រូវ​ចេះ​ទុកចិត្ត​គ្នា និង​មិនត្រូវ​ប្រកែប្រកាន់​ច្រើន​ឡើយ​ពីព្រោះថា​នោះ​សុទ្ធសឹង​នាំ​រឿង​រាវ​អំពល់ទុក្ខ​ប៉ុណ្ណោះ​៕

ឆ្នាំច​: ​រាសី​ខ្ពស់ត្រដែត​។​ថ្ងៃនេះ​លោកអ្នក​អាច​ទទួលដំណឹង​ល្អ និង​ពិសេស​មានជោគ​មាន​លាភ​ហូរ​ចូល​មួយចំនួន​ផង​។​ចំពោះ​លោកអ្នក​ដែល​បំពេញការងារ​ក្រុមហ៊ុន​ឯកជន និង​ជា​មន្ត្រីរាជការ​មានដំណើរ​ជីវិត​ល្អប្រសើរ ហើយ​ធ្វើ​អ្វីៗ​តែង​ទទួល​ជា​ផ្លែផ្កា​គ្រាន់​ជាទី​មនោរម​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​រីកលូតលាស់​គួរសម ម្ល៉ោះហើយ​ជា​ឱកាសល្អ​ក្នុងការ​ពង្រីក​មុខរប​រ​ថ្មី​ឬ​បណ្តាក់ទុន​បន្ថែម​ព្រោះ​ផ្លែផ្កា​ដែល​ទទួលបាន​តែង​ហុច​មកវិញ​ដូច​សមប្រកប​។​
រីឯ​បញ្ហា​ស្នេហា​ស្វាមីភរិយា​តែងមាន​ភាព​ស្រុះស្រួល និង​អត់ឱន​ឱ្យ​គ្នាច្រើន​៕

ឆ្នាំកុរ​: ​រាសី​ល្អជា​មធ្យម​។​អំឡុង​ពេលនេះ​លោកអ្នក​ជួប​ស្ថានភាព​លំបាក​ទៅលើ​បញ្ហា​ប្រាក់កាស ហើយ​បើ​មាន​ជំពាក់​បំណុល​គេ​ផង​គឺ​គេ​អាច​ទារ​មុខ​ទារ​ក្រោយ​ថែមទៀត​។​ការប្រកប​ការងារ​ពុំ​សូវ​មានការ​ជឿនលឿន​ទៅមុខ​ទេ ហើយ​ក្រុមមនុស្ស​ចាំមើល​តែ​កំហុស​ក៏មាន​ច្រើន​។​ចំពោះ​អ្នក​ប្រកប​រប​រកស៊ី​ជួញដូរ​ទោះ​ខ្សត់ខ្សោយ​ចំណូល​ថវិការ​ពិតមែន ប៉ុន្តែ​ការធ្វើ​ជំនួញ​របស់លោក​អ្នកសុខ​ដុម​ដូច​សព្វមួយដង​ទេ​។​
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ ឬ សូម្បីតែ​ស្វាមីភរិយា​ក្តី អារម្មណ៍​ពុំសូវល្អ​ចំពោះ​គ្នា​ឡើយ​ព្រោះ​ជួន​ផ្អែម ជួន​ជូរចត់​អញ្ចឹង​ដែរ​៕

 

Leave a Reply

Your email address will not be published.