ក្រសួងសុខាភិបាលប្រទេសថៃ ខ្លួននឹងស្នើឲ្យមានការអនុវត្ត វិធានការចត្តាឡីស័កឡើងវិញ សម្រាប់ភ្ញៀវទេសចរបរទេស ដោយសារតែCOVID-19 បំប្លែងថ្មី អូមីក្រុង (Omicron)

(បាងកក)៖ នារសៀលថ្ងៃចន្ទ ទី២០ ខែធ្នូ ឆ្នាំ២០២១ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters​​ ។ ក្រសួងសុខាភិបាលប្រទេសថៃ បានឲ្យដឹងថា ខ្លួននឹងស្នើឲ្យមានការអនុវត្ត វិធានការចត្តាឡីស័កឡើងវិញ សម្រាប់ភ្ញៀវទេសចរបរទេស ដោយសារតែរាតត្បាតនៃវីរុស COVID-19 បំប្លែងថ្មី អូមីក្រុង (Omicron) កំពុងតែមានសន្ទុះកើនឡើងយ៉ាងខ្លាំង នៅទូទាំងពិភពលោក ។

បើតាមរដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃ លោក អនុធិន ឆានវីរៈគុល (Anutin Charnvirakul) ការអនុវត្តវិធានការចត្តាឡីស័កសម្រាប់ភ្ញៀវទេសចរ ដែលចូលមកកាន់ប្រទេសអាស៊ានមួយនេះ អាចនឹងត្រូវអនុវត្តដូចកម្មវិធីមុនរបស់ថៃ នោះគឺពួកគេត្រូវដាក់ឲ្យស្នាក់នៅក្នុងសណ្ឋាគារ ទៅតាមកាលកំណត់ និងអាចធ្វើដំណើរបានតែក្នុងបរិវេន ដែលត្រូវបានអនុញ្ញាតប៉ុណ្ណោះ អំឡុងការធ្វើចត្តាឡីស័កនោះ។ គិតត្រឹមពេលនេះ ប្រទេសថៃបានរកឃើញអ្នកផ្ទុកមេរោគបំប្លែងថ្មី Omicron សរុបចំនួន ៦៣ករណីហើយ។ ក្នុងចំណោមករណីវិជ្ជមានទាំងអស់នេះ មានតែមួយករណីប៉ុណ្ណោះ ដែលជាករណីឆ្លងក្នុងស្រុក នោះគឺជាស្ត្រីថៃម្នាក់ដែលមានស្វាមីជាជនជាតិកូឡុំប៊ី បានធ្វើដំណើរត្រឡប់ពីប្រទេសនីហ្សេរីយ៉ា មកដល់ប្រទេសថៃវិញកាលពីខែវិច្ឆិកា ហើយត្រូវបានអាជ្ញាធរធ្វើតេស្ត «វិជ្ជមាន» អូមីក្រុង៕

 

Leave a Reply

Your email address will not be published.