សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេសលើកទី២៩

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១នេះ។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេសលើកទី២៩ នៅសាលសន្និសីទចតុម្មុខ។

ក្នុងសុន្ទរកថាបើកអនុសំវច្ឆរមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេសឆ្នាំនេះ សម្តេចហេង សំរិន បានសំណូមពរដល់ពុទ្ធសាសនិកជនទាំងអស់ មេត្តារួមគ្នាប្រតិបត្តិតាមព្រះពុទ្ធឱវាទរបស់ព្រះសម្មាសម្ពុទ្ធបរមគ្រូឱ្យបានខ្ជាប់ខ្ជួន តាមតួនាទី និងភារកិច្ចរបស់ខ្លួន ជាព្រះសង្ឃ ឬជាគ្រហស្ថ ឧបាសក ឧបាសិកា ដើម្បីទ្រទ្រង់ ថែរក្សាព្រះពុទ្ធសាសនា ឱ្យបានរីកចម្រើន ព្រោះថា ព្រះពុទ្ធសាសនារីកចម្រើន ឬចុះអន់ថយ គឺអាស្រ័យលើពុទ្ធបរិស័ទទាំងអស់គ្នា។

សម្តេចសំណូមពរបន្តថា ថ្នាក់ដឹកនាំព្រះពុទ្ធសាសនាទាំងអស់ មេត្តាបន្តការប្រកាន់ខ្ជាប់នូវការយោគយល់គ្នា គោរពគ្នាតាមឋានានុក្រម សំដៅធ្វើឱ្យមានការឯកភាព សាមគ្គីភាព ក្នុងស្ថាប័នព្រះពុទ្ធសាសនា និងសូមព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ បន្តយកចិត្តទុកដាក់ស្វាធ្យាយរៀនសូត្រព្រះធម៌វិន័យ និងប្រតិបត្តិឱ្យសមជាស្រែបុណ្យ សម្រាប់ជាទីសក្ការៈរបស់ពុទ្ធបរិស័ទ។ អនុសំវច្ឆរមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេស ជាវេទិកាជួបជុំដ៏សំខាន់មួយ ដើម្បីផ្តល់នូវកាលានុវត្តភាពក្នុងការពិគ្រោះ ពិភាក្សា និងស្វែងរកដំណោះស្រាយលើបញ្ហាបច្ចុប្បន្នភាព ដែលជាកត្តាចាំបាច់សម្រាប់អនុវត្តនាឆ្នាំបន្តបន្ទាប់។ដោយសារការរាតត្បាតជំងឺកូវីដ១៩ កាលពីឆ្នាំ២០២០ អនុសំវច្ឆរមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេស ពុំបានរៀបចំកម្មវិធីសន្និបាតនោះឡើយ៕

Leave a Reply

Your email address will not be published.