ជនជាតិ​ថៃ​៨​នាក់​ត្រូវបាន​តេស្តិ៍​វិជ្ជមាន​អូ​មីក្រុង​ក្រោយ​វិល​មក​ពី​ការធ្វើ​បូជនកិច្ច​អ៊ីស្លាម​នៅ​ទីក្រុង​មេកា​ប្រទេស​អា​រ៉ាប៊ី សា​អូឌីត

​បាងកក​៖ ជនជាតិ​ថៃ​៨​នាក់​ត្រូវបាន​តេស្តិ៍​វិជ្ជមាន​អូ​មីក្រុង​ក្រោយ​វិល​មក​ពី​ការធ្វើ​បូជនកិច្ច​អ៊ីស្លាម​នៅ​ទីក្រុង​មេកា​ប្រទេស​អា​រ៉ាប៊ី សា​អូឌីត​។​ទោះជា​យ៉ាងណា​អាជ្ញាធរ​​បាន​ប្រាប់​កុំអោយ​ប្រជាជន​ភ័យខ្លាច​ដោយសារ​ការឆ្លង​នេះ​ជា​ករណី​នាំចូល និង​ត្រូវ​បាន​ធ្វើ​ចត្តា​ឡីស័​ក​អស់ហើយ​។​

​មន្ត្រី​ទីប្រឹក្សា​មេដឹកនាំ​សាសនា​អ៊ីស្លាម​ថៃ​ម្នាក់​បាន​និយាយថា ជនជាតិ​ថៃ​ប្រមាណ​៣០​នាក់​បាន​មកដល់​អាកាសយានដ្ឋាន​សុវណ្ណ​ភូមិ​កាលពី​ថ្ងៃ​១៥​ធ្នូ​ក្នុង​ដំណើរ​វិល​មក​ពី​បូជនកិច្ច​សាសនា​នៅ​អា​រ៉ា​ប៊ីសា​​អូឌីត និង​ត្រូវបាន​ដាក់​ដោយឡែក​នៅ​មន្ទីរពេទ្យ​មួយ​ក្នុង​ក្រុង​បាងកក​។ ក្រោយ​ពេទ្យ​ធ្វើតេស្តិ៍ បាន​រកឃើញថា ក្នុងចំណោម​ពួកគេ​មាន​៧​នាក់​ផ្ទុក​វីរុស​អូ​មី​ក្រុង​។​មនុស្ស​៦​នាក់​ទៀត​ក៏​អាច​ឆ្លង​ដោយ​​សារ​ពួកគេ​ទាក់ទង​អ្នក​ទាំង​៧​នាក់​យ៉ាង​ជិតដិត​។​

​សូមបញ្ជាក់​ថា ក្រោយ​ចាកចេញ​ពី​អា​រ៉ាប៊ីសាអូឌីត ពួកគេ​បាន​ធ្វើដំណើរ​ទៅកាន់​ប្រទេស​កាតា​ដើម្បី​ត​ជើងយន្តហោះ​មុន​មក​ដល់​ថៃ​តែ​មួយ​ចំនួន​បាន​ចេញ​រោគសញ្ញា​ដូចជា​ក្តៅខ្លួន​តាំងពី​នៅ​អា​រ៉ា​ប៊ីសា​​អូឌីត​មកម្ល៉េះ​។​

​គុ​សាក់ គុ​គឿត​គុល វេជ្ជបណ្ឌិត​នៅ​ភូ​កេត បាន​និយាយថា ជនជាតិ​ថៃ​មួយ​ក្រុម​ទៀត​មាន​គ្នា​១៣៧​នាក់ ក៏​បាន​វិល​មក​ពី​ការធ្វើ​បូជនកិច្ច​នៅ​ក្រុង​មេកា​និង​បាន​មក​ដល់​កោះ​ភូ​កេត​។​ពួកគេ​ត្រូវបាន​ធ្វើ​​តេ​ស្តិ៍​រក​កូ​វីដ​១៩​កាលពី​ថ្ងៃ​១៣​ធ្នូ ហើយ​៥​នាក់​វិជ្ជ​មានកូ​វីដ​១៩ តែ​មាន​តែ​ម្នាក់​ផ្ទុក​អូ​មី​ក្រុង​។​

​លោក​បាន​បន្ថែម​ថា​ជន​បរទេស​៤​នាក់​ដែល​បាន​មក​ដល់​កោះ​ភូ​កេតក៏​ត្រូវបាន​រកឃើញ​អូ​មី​ក្រុង​កាលពី​ថ្ងៃ​១៧​ធ្នូ​។​ពួកគេ​មក​តាម​យន្តហោះ​៤​ផ្សេងគ្នា និង​ចូល​មក​កោះ​ភូ​កេត​ក្រោម​គំរោង​«​តេ​ស្តិ៍​ហើយ​​ចេញទៅ​(Test & Go scheme)»​។​ពួកគេ​ជា​ជនជាតិ​អាម៉េរិក ស៊ុយអែត ទុយនេ​ស៊ី និង​អាល្លឺម៉ង់​។​

​ក្នុងពេល​ជាមួយគ្នា​កាលពី​ថ្ងៃអាទិត្យ អាជ្ញាធរ​ថៃ​បានប្រកាស​រក​ឃើញ​អ្នក​ឆ្លងកូវី​ដ​១៩​ថ្មី​ចំនួន​២.៨៩៩​នាក់ និង​២២​នាក់​ទៀត​ស្លាប់​នៅ​២៤​ម៉ោង​កន្លងទៅ​។​

​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ទី​២០​ធ្នូ​នេះ ក្រសួង​សុខាភិបាល​ថៃ​ក៏​បាន​ប្រកាស​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​២.៥២៥​នាក់​នៅ​២៤​ម៉ោង​កន្លងទៅ​និង​អ្នកជំងឺ​កូវី​ដ​៣១​នាក់​ទៀត​បាន​ស្លាប់​។​

​សូមបញ្ជាក់​ថា ចាប់តាំងពី​កូ​វីដ​មាននៅ​ថៃ​តាំងពី​ដើម​ឆ្នាំ​មុន​មក មនុស្ស​២.១៩៤.០៥៣​នាក់​បាន​ឆ្លង​ជំងឺ​នេះ ២.១៣២.៥៤៨​នាក់​បាន​ជាសះស្បើយ និង​២១.៤០៨​នាក់​ស្លាប់​៕

 

 

Leave a Reply

Your email address will not be published.