ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានផ្ញើសារទាមទារឲ្យអ្នកទន្រ្ទានដីព្រៃលិចទឹកជុំវិញបឹងទន្លេសាប ទាំងអស់ត្រូវមានភាពស្មោះត្រង់ជាមួយរាជរដ្ឋាភិបាល និងប្រជាជន

ភ្នំពេញ៖  កាលពីថ្ងៃទី១៧ ខែធ្នូម្សិលមិញនេះ ក្នុងពិធីបិទសន្និសីទអន្តរជាតិលើកទី១៦  ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានផ្ញើសារទាមទារឲ្យអ្នកទន្រ្ទានដីព្រៃលិចទឹកជុំវិញបឹងទន្លេសាប ទាំងអស់ត្រូវមានភាពស្មោះត្រង់ជាមួយរាជរដ្ឋាភិបាល និងប្រជាជន ខណៈរបាយការណ៍ទន្ទ្រានបែរជាមានភាពខុសគ្នាខ្លាំង។

ក្នុងពេលគណៈកម្មការអន្តរក្រសួងដឹកនាំដោយ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋ​មន្រ្តី​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្រាវជ្រាវការទន្ទ្រានកាន់កាប់ខុសច្បាប់​ព្រៃលិច​ទឹកជុំវិញ​បឹងទន្លេសាបនោះ ​ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច​ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងក្នុងនាមជាអ្នកស្រាវជ្រាវដែលបានបញ្ជូនរបាយការណ៍ជូនសម្តេចតេជោ​ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី បាន​សម្តែងការហួសចិត្តចំពោះរបាយការណ៍ចេញពី​ខេត្តមួយចំនួន​ជុំវិញបឹង​ទន្លេសាប ក្រោយពីទំហំនៃការកាប់​ទន្ទ្រាន​បែរជាមានភាពផ្ទុយគ្នាទៅវិញ។

ឯកឧត្តម បានបញ្ជាក់ថា​ ជាក់ស្តែងការកាប់ទន្ទ្រានព្រៃលិចទឹកក្នុងខេត្តកំពង់ធំ​ មាន​ទំហំ​ជាង ១០​ម៉ឺនហិកតា ​ខណៈការស្រាវជ្រាវរកឃើញការទន្ទ្រានត្រឹមទំហំជាង ៣ពាន់ហិកតាប៉ុណ្ណោះ។ ជុំវិញបញ្ហានេះ ​ឯកឧត្តម បានទាមទារឲ្យអ្នកដែលកាន់កាប់ព្រៃលិចទឹកមាន​ភាពស្មោះត្រង់​ចំពោះ​ប្រជាជនកម្ពុជា ​និងរាជរដ្ឋាភិបាល។ គិតមកទល់ពេលនេះ តាមរយៈអង្គភាពប្រឆាំងអំពើពុករលួយបានស្រាវជ្រាវ និងចាប់ខ្លួន​ទៅ​លើ​បុគ្គល​ចំនួនចំនួន៣រូប ដូចជា លោក ឈួរ ច័ន្ទឌឿន អតីតអភិបាលខេត្តកំពង់ឆ្នាំង​ លោក ស៊ុ សុជាតិ ស្នងការរងខេត្តកំពង់ឆ្នាំង និងលោក កែវ ណារុន នាយការិយាល័យព្រហ្មទណ្ឌនៃស្នងការដ្ឋាន​ខេត្តកំពង់ឆ្នាំង ​ខណៈអាជ្ញាធរតាមបណ្តាខេត្តជុំវិញបឹងទន្លេសាបបានឃាត់ខ្លួនជាបន្តបន្ទាប់៕

 

Leave a Reply

Your email address will not be published.