រាជរដ្ឋាភិបាលថៃ បានប្រកាសគាំទ្រចំពោះ រាជរដ្ឋាភិបាលកម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំអាស៊ាន នៅឆ្នាំក្រោយនេះ

រាជរដ្ឋាភិបាលថៃ បានប្រកាសគាំទ្រចំពោះ រាជរដ្ឋាភិបាលកម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំអាស៊ាន នៅឆ្នាំក្រោយនេះ។ ជាមួយគ្នានេះ រដ្ឋាភិបាលថៃ ក៏បានផ្តល់សម្ភារៈវេជ្ជសាស្ត្រមួយចំនួនដល់រាជរដ្ឋាភិបាលកម្ពុជា រួមមាន ឧបករណ៍សម្រាប់ធ្វើតេស្ត RT-PCR និង SARS-CoV-2 គិតជាតម្លៃប្រមាណ ១៥០.០០០ដុល្លារអាមេរិក។ សម្ភារៈវេជ្ជសាស្ត្រទាំងនេះ នឹងត្រូវប្រគល់ជូនមន្ទីរពេទ្យបង្អែកប៉ោយប៉ែត និងមន្ទីរពេទ្យមង្គលបូរី ខេត្តបន្ទាយមានជ័យ។

ពិធីប្រគល់-ទទួលជានិមិត្តរូបនូវឧបករណ៍សម្រាប់ធ្វើតេស្ត RT-PCR និង SARS-CoV-2 ត្រូវបានធ្វើឡើងក្រោមអធិបតីភាព ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងឧបនាយករដ្ឋមន្ត្រី ដន ប្រាម៉ាត់វីណៃ រដ្ឋមន្រ្តីការបរទេសថៃ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ នៅទីស្តីការក្រសួងការបរទេស។

ក្នុងឱកាសធ្វើសន្និសីទរួមគ្នា លោក ដន ប្រាម៉ាត់វីណៃ ក្នុងនាមរាជរដ្ឋាភិបាលថៃ លោកបានបង្ហាញពីជំហរគាំទ្រកម្ពុជា ក្នុងការរៀបំកិច្ចប្រជុំកំពូលអាស៊ាន ឆ្នាំ២០២២ ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ។ លោកបញ្ជាក់ថា «ការគាំទ្ររបស់យើង ពិតជាធំធេងដល់កម្ពុជា ពេលធ្វើជាប្រធានអាស៊ាន និងការងារផ្សេងទៀត ដែលនឹងត្រូវធ្វើឲ្យរួចរាល់ និងការងារដែលនឹងត្រូវធ្វើ អំឡុងពេលនេះ»

ចំណែកឯ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងអំណរគុណដល់ថៃ ដែលបានគាំទ្រកម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៉ីអឺរ៉ុបលើកទី១៣ (ASEM) នៅខែមុននេះ និងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ាន (ASEAN) នៅឆ្នាំក្រោយផងដែរ៕

Leave a Reply

Your email address will not be published.