សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញក្តីសង្ឃឹមថា នឹងមិនមានសម្ពាធណាផ្សេងទៀត ដែលតម្រង់ឆ្ពោះមកដាក់ទណ្ឌកម្មលើកម្ពុជា ដោយគ្រាន់តែកម្ពុជាមានសេរីភាព នៃការធ្វើទំនាក់ទំនងជាមួយសាធារណរដ្ឋប្រជាមានិតចិននោះទេ

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញក្តីសង្ឃឹមថា នឹងមិនមានសម្ពាធណាផ្សេងទៀត ដែលតម្រង់ឆ្ពោះមកដាក់ទណ្ឌកម្មលើកម្ពុជា ដោយគ្រាន់តែកម្ពុជាមានសេរីភាព នៃការធ្វើទំនាក់ទំនងជាមួយសាធារណរដ្ឋប្រជាមានិតចិននោះទេ។ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងបែបនេះ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់វិមានពហុកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ នាព្រឹកថ្ងៃទី១៨ ខែធ្នូ ២០២១ឆ្នាំ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងដូច្នេះថា៖ «ខ្ញុំសង្ឃឹមថា មិនមានសម្ពាធណាផ្សេងទៀត ដែលតម្រង់ឆ្ពោះមកដាក់ទណ្ឌកម្មលើកម្ពុជា ដោយគ្រាន់តែកម្ពុជាមានសេរីភាព នៃការធ្វើទំនាក់ទំនងជាមួយសាធារណរដ្ឋប្រជាមានិតចិននោះទេ»

ដោយទំនងនិយាយសំដៅទៅកាន់សហរដ្ឋអាមេរិក សម្ដេចតេជោ ហ៊ុន សែន បានបន្តថា នៅថ្ងៃនេះ មនុស្សមួយចំនួនអាចលើកឡើងថា វាជាការផ្គើនជាមួយនឹងបទបញ្ជាពីខាងក្រៅ ដែលហាមឃាត់ការទាក់ទងរវាងកម្ពុជានិងចិន ដោយយើងបានធ្វើពិធីដ៏អធិកអធមមួយទោះបីជាក្រោមសម្ពាធនៃកូវីដ១៩ ក៏ដោយ។

សហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ បានបង្ហាញអំពីទណ្ឌកម្មរបស់ខ្លួន មកលើរាជរដ្ឋាភិបាលកម្ពុជា ដោយប្រកាសមិនលក់អាវុធមកឱ្យប្រទេសកម្ពុជា ដោយចោទរាជរដ្ឋាភិបាលកម្ពុជា រំលោភសិទ្ធិមនុស្ស និងមានទំនាក់ទំនងស្អិតរមួតជាមួយចិន។ ទណ្ឌកម្មថ្មីនេះ បានធ្វើឡើងមួយខែ បន្ទាប់ពីអាមេរិកបានដាក់ទណ្ឌកម្មលើមន្ត្រីយោធាជាន់ខ្ពស់កម្ពុជាពីររូប ក្រោមហេតុផលនយោបាយ។

រដ្ឋាភិបាលចិន បានចេញមុខការពារកម្ពុជាដោយប្រកាសប្រឆាំងដាច់ខាតចំពោះការគាបសង្កត់របស់សហរដ្ឋអាមេរិក មកលើប្រទេសកម្ពុជា ដើម្បីវាយប្រហារចំពោះទំនាក់ទំនងដ៏ស្អិតរមួតរវាងកម្ពុជា-ចិន។

ទំនាក់ទំនងកម្ពុជា-ចិនត្រូវបានកសាងឡើង ដោយព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ព្រះមហាវីរក្សត្រនៃកម្ពុជា ជាមួយមេដឹកនាំចិនជំនាន់មុន។ ទំនាក់ទំនងរវាងប្រទេសទាំងពីរ ទៅបានដំឡើងកម្រិតជាបន្តបន្ទាប់ ហើយក្លាយទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នៅក្នុងសម័យសម្ដេចតេជោ ហ៊ុន សែន ដោយត្រូវបានប្រធានាធិបតីចិន ស៊ី ជិនពីង ប្រសិទ្ធនាមចំពោះមិត្តភាពនេះថា «មិត្តភាពដែកថែប»។ ទំនាក់ទំនងប្រទេសទាំងពីរ បានផ្ដល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក ចិនបានផ្ដល់ជំនួយអភិវឌ្ឍន៍យ៉ាងច្រើនសន្ធឹកសន្ធាប់ដល់ប្រទេសកម្ពុជា មិនតែប៉ុណ្ណោះក្នុងពេលដែលកម្ពុជារងនូវការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេស ចិនក៏បានផ្ដល់ជំនួយ និងការផ្គត់ផ្គង់ដល់ប្រទេសកម្ពុជាយ៉ាងច្រើនផងដែរ។ ដោយឡែកប្រទេសកម្ពុជា ក៏បានគាំទ្រ និងប្រកាន់ជំហរការទូត គោលនយោបាយចិនតែមួយផងដែរ។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា៖ «ទទួលទានផ្លែឈើត្រូវនឹកដល់អ្នកដែលបានដាំដើមឈើ ចំណែកឯការផឹកទឹកត្រូវនឹកដល់ប្រភពទឹក»។ សម្ដេចតេជោ ហ៊ុន សែន បានយកឱកាសនេះ ថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅ ដល់ព្រះវិញ្ញាណក្ខន្ធព្រះបរមរដ្ឋនកោដ្ឋ ដែលព្រះអង្គបានចាប់ផ្ដើមទំនាក់ទំនងការទូតជាមួយសាធារណរដ្ឋប្រជាមានិតចិន។

សម្ដេចបានបន្តថា «ដៃគូរបស់យើងបានផ្ដល់ឱ្យយើងនឹងថ្ងៃនេះ មិនមែនជាការកើតឡើងដោយចៃដន្យនោះទេ យើងបានខិតខំកសាងទំនាក់ទំនងរវាងកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ឈរលើការជឿទុកចិត្តគ្នា ដោយឈរទៅលើការគោរពគ្នា ដែលឈរទៅលើសាមគ្គីភាពជាមួយគ្នា ជំនឿទុកចិត្តខាងនយោបាយ និងការគោរពឯករាជ្យភាពទៅវិញទៅមក ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំបំផុតតាំងពីសម័យសង្គមរាស្រ្តនិយម រហូតមកដល់ពេលនេះ»

 

Leave a Reply

Your email address will not be published.