សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា  អញ្ជើញធ្វើជាអធិបតីភាពរួមគ្នាសម្ពោធដាក់ឱ្យប្រើប្រាស់ «វិមានកីឡដ្ឋាន» ដែលជាសំណង់ធំជាងគេនៃពហុកីឡដ្ឋានជាតិមរតកតេជោ

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសៅរ៍ ទី១៨ ខែធ្នូ ឆ្នាំ២០២១នេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា  អញ្ជើញធ្វើជាអធិបតីភាពរួមគ្នាសម្ពោធដាក់ឱ្យប្រើប្រាស់ «វិមានកីឡដ្ឋាន» ដែលជាសំណង់ធំជាងគេនៃពហុកីឡដ្ឋានជាតិមរតកតេជោ។ វិមានកីឡដ្ឋាន គឺជាសំណង់ប្រវត្តិសាស្ត្រមួយទៀតសម្រាប់កម្ពុជា និងជាប្រវត្តិសាស្ត្រសម្រាប់ទំនាក់ទំនងកម្ពុជា-ចិន។

វិមានកីឡដ្ឋាន គឺជាសំណង់ធំជាងគេក្នុងចំណោមសំណង់នានា នៅក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ ស្ថិតក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ វិមានកីឡដ្ឋានត្រូវបានបើកការដ្ឋានសាងសង់ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧។ វិមានកីឡដ្ឋាន ទទួលបានថវិកាជាជំនួយឥតសំណងសម្រាប់ការសាងសង់ពីរដ្ឋាភិបាលចិន ក្នុងទំហំទឹកប្រាក់ប្រមាណ១៦០លានដុល្លា។

វិមានកីឡដ្ឋាន បានសាងសង់លើទំហំផ្ទៃដីប្រមាណ ១៦.២២ហិកតា ទំហំសំណង់ប្រហែល ៨.២៤ម៉ឺនម៉ែត្រការ៉េ គឺជាកីឡដ្ឋានខ្នាតធំដែលអាចផ្ទុកអ្នកទស្សនាបាន រហូតដល់ ៦ម៉ឺននាក់ ហើយមានសមត្ថភាពទទួលរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាថ្នាក់ជាតិ និងអន្តរជាតិធំៗកម្រិតពិភពលោក។ ពិសេសនឹងក្លាយជាកីឡដ្ឋានដ៏សំខាន់ សម្រាប់ត្រៀមស្វាគមន៍ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នៅកម្ពុជា នាឆ្នាំ២០២៣ខាងមុខ។

វិមានកីឡដ្ឋានសមិទ្ធផលជាប្រវត្តិសាស្ត្រនៃទំនាក់ទំនងកម្ពុជា និងចិននេះ ត្រូវបានធ្វើពិធីប្រគល់ និងទទួលរវាងលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន ជាមួយសម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ ក្នុងដំណើរទស្សនកិច្ចរបស់លោក វ៉ាង យី មកកាន់កម្ពុជា។

សូមបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍សម្ពោធដាក់ឱ្យប្រើប្រាស់វិមានកីឡដ្ឋានជាប្រវត្តិសាស្ត្រសម្រាប់ជាតិកម្ពុជានេះ ក៏មានភ្ជាប់មកនូវជាមួយព្រឹត្តិការណ៍មួយចំនួនទៀតមានដូចជា ពិធីរាប់ថយក្រោយ ដើម្បីឆ្ពោះទៅការធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលនៅសល់រយៈពេល ៥០២ថ្ងៃទៀត។

ក្នុងពិធីយ៉ាងមហោឡារឹកដែលមានអ្នកចូលរួមរហូតដល់ ១៥,០០០នាក់នេះ ភ្ជាប់ជាមួយនឹងផ្ទាំងទស្សនីយភាពសិល្បៈជាច្រើនទៀត មានដូចជាការសម្តែងគុនល្បុក្កតោ និងការច្រៀងចម្រៀងបង្ហាញពីមិត្តភាពកម្ពុជា និងចិនជាដើម។

ជាមួយនឹងការបើកសម្ពោធនេះ នៅពេលរសៀលមានការអនុញ្ញាតឱ្យប្រជាពលរដ្ឋចូលទស្សនា និងមានការបាញ់កាំជ្រួចថែមទៀតផង៕

 

 

Leave a Reply

Your email address will not be published.