កម្ពុជាបានរកឃើញករណីឆ្លងវីរុសកូវីដ១៩ បំប្លែងថ្មី «អូមីក្រុង» ទី២ នៅយប់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១នេះ

(ភ្នំពេញ)៖នៅយប់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញករណីឆ្លងវីរុសកូវីដ១៩ បំប្លែងថ្មី «អូមីក្រុង» ទី២ លើបុរសជនជាតិអៀរ៉ង់វ័យ២៥ឆ្នាំ ដែលបានត្រឡប់មកពីប្រទេសកេនយ៉ា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ។

ក្រសួងសុខាភិបាលបានបញ្ជាក់ទៀតថា បុរសវ័យ២៥ឆ្នាំដែលរកឃើញមានវីរុសកូវីដ១៩ បំប្លែងថ្មី «អូមីក្រុង» នេះ ស្នាក់នៅក្នុងសណ្ឋាគារមួយកន្លែងក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។ បុរសរូបនេះបានធ្វើដំណើរតាមជើងហោះហើរ ពីប្រទេសកេនយ៉ា ឆ្ពោះទៅកាន់ទីក្រុងឌូបៃ និងបន្តដំណើរពីទីក្រុងឌូបៃ មកប្រទេសថៃ ទើបហោះហើរពីប្រទេសថៃមកដល់កម្ពុជា នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១។

បច្ចុប្បន្ន អ្នកជំងឺរូបនេះ កំពុងសម្រាកព្យាបាលនៅមជ្ឈមណ្ឌលជាតិកម្ចាស់រោគរបេង និងហង់សិន ក្នុងរាជធានីភ្នំពេញ។ ជាមួយនឹងការរកឃើញករណីដំបូងវីរុសកូវីដ១៩ បំប្លែងថ្មី «អូមីក្រុង»នេះ ក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមមានការប្រុងប្រយ័ត្នខ្ពស់ ដោយអនុវត្តវិធានការ «៣កុំ ៣ការពារ» ឱ្យបានខ្ជាប់ខ្ជួនជានិច្ច៕

Leave a Reply

Your email address will not be published.