លោក ដន ប្រាម៉ាត់វីណៃ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសថៃ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាពីថ្ងៃទី១៦ ដល់ ១៨ ខែធ្នូ ឆ្នាំ២០២១

(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា លោក ដន ប្រាម៉ាត់វីណៃ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសថៃ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា និងធ្វើជាសហប្រធានជាមួយ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ដឹកនាំកិច្ចប្រជុំលើកទី១១ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី (JC) រវាងកម្ពុជា និងថៃ ពីថ្ងៃទី១៦ ដល់ ១៨ ខែធ្នូ ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ។

ក្រសួងការបរទេសបានឲ្យដឹងទៀតថា ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចផ្លូវការនេះ លោកឧបនាយករដ្ឋមន្រ្តី ដន ប្រាម៉ាត់វីណៃ នឹងអញ្ជើញចូលជួបសម្តែងការគួរសមចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងមានជំនួបទ្វេភាគីជាមួយ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន អំពីចំណងទំនាក់ទំនងទ្វេភាគី និងផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិដែលជាកង្វល់រួមនាពេលបច្ចុប្បន្ន ក៏ដូចជាតួនាទីរបស់កម្ពុជាជាប្រធានអាស៊ាន ឆ្នាំ២០២២ ផងដែរ ។

ក្រោយពេលបញ្ចប់កិច្ចប្រជុំគណៈកម្មការចម្រុះ (JC) លើកទី១១ លោកឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសទាំងពីរ នឹងអញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រគល់-ទទួលជានិមិត្តរូបនូវឧបករណ៍សម្រាប់ធ្វើតេស្ត RT-PCR និង SARS-CoV-2 ពីរាជរដ្ឋាភិបាលថៃ ប្រគល់ជូនមន្ទីរពេទ្យបង្អែកប៉ោយប៉ែត និងមន្ទីរពេទ្យមង្គលបូរី នៃខេត្តបន្ទាយមានជ័យ និងបិទបញ្ចប់កម្មវិធីដោយការធ្វើសន្និសីទសារព័ត៌មានរួមគ្នា៕

Leave a Reply

Your email address will not be published.