ការដំឡើងម៉ូទ័របូមទឹកខ្នាតធំ៣គ្រឿង នៅស្ថានីយ៍បូមទឹកបឹងទំពុន ដែលមានសមត្ថភាពបូមទឹកបាន១២ម៉ែត្រគូបក្នុង១វិនាទីនឹងរួចរាល់នៅខែមីនា ឆ្នាំក្រោយនេះ

ភ្នំពេញ៖ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានឲ្យដឹងថា បច្ចុប្បន្នក្រុមការងារនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បាននិងកំពុងធ្វើសកម្មភាពដំឡើងម៉ូទ័របូមទឹកខ្នាតធំដែលមានអង្កត់ផ្ចឹតទំហំ ១.៥ម៉ែត្រចំនួន ១គ្រឿង និងខ្នាតទំហំអង្កត់ផ្ចឹត ១.២ម៉ែត្រចំនួន ២គ្រឿងនៅស្ថានីយ៍បូមទឹកបឹងទំពុន ។ ម៉ូទ័របូមទឹកទាំង ៣គ្រឿងនេះមានសមត្ថភាពបូមទឹក ៤២.០០០ម៉ែត្រគូបក្នុង១ម៉ោង ឬស្មើនឹង ១២ម៉ែត្រគូបក្នុង១វិនាទី ដែលជាគម្រោងសាងសង់បន្ថែមសមត្ថភាពបូមទឹកលើស្ថានីយ៍បច្ចុប្បន្ន ធ្វើឲ្យសមត្ថភាពបូមទឹកថ្មីកើនរហូតដល់ ៣៣ម៉ែត្រគូបក្នុង១វិនាទី។

លោក សាំ ពិសិដ្ឋ បន្តថា ការដំឡើងម៉ូទ័របូមទឹកខ្នាតធំនេះ គឺបានអនុវត្តតាំងពីថ្ងៃទី៣ ខែធ្នូឆ្នាំ២០២១មកម្ល៉េះ ពោលគឺទាំងម៉ូទ័រ ទាំងទូរបញ្ជា រួមទាំងការតភ្ជាប់បំពង់បង្ហូរទឹកក្រោមផ្លូវលេខ៣៧១ គឺបានស្ថាបនារួចរាល់ហើយ ជារួមលទ្ធផល គិតមកដល់ពេលនេះ ក្រុមការងារសម្រេចបានប្រមាណ៧០ភាគរយ ហើយគម្រោងនេះនឹងបញ្ចប់១០០% នៅក្នុងខែមីនា ឆ្នាំ២០២២ ។ លោក បន្តទៀតថា ស្ថានីយ៍នេះនឹងក្លាយជាស្ថានីយ៍មានម៉ូទ័របូមទឹកខ្នាតធំជាងគេ និងសមត្ថភាពបូមទឹកធំជាងគេក្នុងរាជធានីភ្នំពេញ ដែលធានាកាត់បន្ថយការលិចលង់នៅតំបន់ភូមិសាស្ត្របឹងទំពុន ស្ទឹងមានជ័យ មហាវិថីសម្តេចចៅហ្វាវាំង គង់ សំអុល ឬហៅផ្លូវ ២០០៤ ស្តុបម៉ុងឌីយ៉ាល់ និងតំបន់ខាងត្បូង និងខាងកើតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ៕

Leave a Reply

Your email address will not be published.