លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ជួបប្រជុំទ្វេភាគីលើកទី៣ ជាមួយគណៈប្រតិភូអន្តរស្ថាប័នជាន់ខ្ពស់នៃសហព័ន្ធរុស្ស៊ី

(ភ្នំពេញ)៖ គណៈប្រតិភូកម្ពុជាដែលដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវ-ចារកិច្ច ក្រសួងការពារជាតិ នៅរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១នេះ បានដឹកនាំគណៈប្រតិភូជួបប្រជុំទ្វេភាគីលើកទី៣ ជាមួយគណៈប្រតិភូអន្តរស្ថាប័នជាន់ខ្ពស់នៃសហព័ន្ធរុស្ស៊ី ដែលដឹកនាំដោយ លោក Nikolai Patrashev លេខាធិការក្រុមប្រឹក្សាសន្តិសុខសហព័ន្ធរុស្ស៊ី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងពង្រីកទំនាក់ទំនងប្រទេសទាំងពីរលើវិស័យសន្តិសុខ វិស័យយោធា និងបច្ចេកទេសយោធា ព្រមទាំងវិស័យយុត្តិធម៌។

ក្នុងដំណើរទស្សនកិច្ចនេះគណៈប្រតិភូអន្តរស្ថាប័នជាន់ខ្ពស់ នៃសហព័ន្ធរុស្ស៊ី បានជួបសម្តែងការគួរសមចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងបំពាក់គ្រឿងឥស្សរិយយសថ្នាក់ «មិត្តភាព (Order of Friendship)» ដែលជាគ្រឿងឥស្សរិយយសរបស់រដ្ឋ ជូនចំពោះសម្តេចនៅវិមានសន្តិភាព។

ជាមួយគ្នានេះ លោក Nikolai Patrashev នឹងមានជំនួបពិភាក្សាការងារដោយឡែក ជាមួយ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកផងដែរ  គឺដើម្បីពង្រឹងទំនាក់ទំនងចំណងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ និងជាពិសេសរវាងស្ថាប័ន និងស្ថាប័ននៃប្រទេសទាំងពីរ លើវិស័យយោធា និងបច្ចេកទេសយោធា វិស័យយុត្តិធម៌របស់ប្រទេសទាំងពីរ ព្រមទាំងកិច្ចទំនាក់ទំនង និងកិច្ចការពារសន្តិសុខព័ត៌មានអន្តរជាតិ។

នៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំគណៈប្រតិភូប្រទេសទាំងពីរ បានចែករំលែកផ្លាស់ប្តូរព័ត៌មានគ្នាទៅលើការវិវឌ្ឍន៍ថ្មីៗនៃសភាពការណ៍ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងបញ្ហាមួយចំនួនដែលបានគំរាមកំហែងទៅដល់សន្តិសុខក្នុងតំបន់ និងពិភពលោក។

ជាទីបញ្ចប់ ថ្នាក់ដឹកនាំទាំងពីរ បានសម្តែងការពេញចិត្តចំពោះវឌ្ឍនភាពការងារដែលសម្រេចបានតាមរយៈកិច្ចសហប្រតិបត្តិការនាពេលកន្លងមករវាងស្ថាប័នទាំងពីរ បានជំរុញលើកទឹកចិត្តឱ្យភាគីពាក់ព័ន្ធទាំងពីរបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ និងប្តេជ្ញាសម្របសម្រួលវិធានការចាំបាច់នានាដើម្បីសម្រេចតាមទស្សនវិស័យទៅថ្ងៃខាងមុខ៕

 

Leave a Reply

Your email address will not be published.