យុទ្ធសាស្រ្តស្តារ និងជំរុញសេដ្ឋកិច្ចថ្មី របស់រាជរដ្ឋាភិបាល នឹងធ្វើឲ្យកំណើនសេដ្ឋកិច្ច ត្រឡប់ទៅដូចដើមវិញ នៅត្រឹមឆ្នាំ ២០២៤

ភ្នំពេញ៖ យុទ្ធសាស្រ្តស្តារ និងជំរុញសេដ្ឋកិច្ចថ្មី ដែលមានភាពប្រទាក់ក្រឡា និងគ្រប់ជ្រុងជ្រោយរបស់រាជរដ្ឋាភិបាល នឹងធ្វើឲ្យកំណើនសេដ្ឋកិច្ច ត្រឡប់ទៅដូចដើមវិញ នៅត្រឹមឆ្នាំ ២០២៤ ។

ឯកឧត្តមបណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ​លើកឡើងនៅក្នុង​សន្និសីទ​សារព័ត៌មាន ស្តីពីយុទ្ធ សាស្រ្តស្តារ និងជម្រុញ​កំណើនសេដ្ឋកិច្ច ​តាមគន្លងប្រក្រតីថ្មី នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ ថា នាពេលកន្លងមកនេះ​ រាជរដ្ឋាភិបាល​បានចាត់វិធានការចំនួន ១០ ជុំមក​ហើយ​ ដើម្បី​ជួយទប់​លំនឹង​សេដ្ឋកិច្ច ​ក្នុងនោះចាប់ពីឆ្នាំ ២០២២ តទៅ ។

ឯកឧត្តម បន្តថា តាមរយៈនៃការដាក់ចេញនូវយុទ្ធសាស្រ្តនេះ គឺជាការជម្រុញ​ដោះស្រាយ​លើ​គ្រប់​វិស័យ​នូវ​រាល់​បញ្ហាប្រឈម​នីមួយៗ ជាពិសេសវិស័យ​ដែល​ជាកំណើន​សេដ្ឋកិច្ចធំៗ,  ​ដើម្បី​ជម្រុញឲ្យសម្រេចនូវកំណើន​ដូចដើមវិញ ក្នុង​រង្វង់ប្រមាណ ៧ភាគរយ នៅត្រឹមឆ្នាំ ២០២៤ ខាងមុខ ។

ឯកឧត្តម ផាន់ ផល្លា បន្តថា ជុំវិញផែនការស្តារ និងអភិវឌ្ឍន៍សម្រាប់គម្រោងឆ្នាំ២០២២, ក្រៅពី​គម្រោងបោះផ្សាយលក់មូលបត្ររបស់រដ្ឋរាជរដ្ឋាភិបាលនឹងបន្តខ្ចីប្រាក់ពីដៃគូអភិវឌ្ឍន៍ ក្នុងកម្រិត ១៦០០ លាន SDR ដែលកើនឡើង ១០០ លាន SDR បើធៀបឆ្នាំ ២០២១​ ដើម្បីយកថវិកានេះ​ទៅ​អនុវត្ត​ហេដ្ឋា​រចនា​សម្ព័ន្ធសំខាន់ៗ​ ដែលជាផ្នែកមួយជួយរុញកំណើនសេដ្ឋកិច្ចបន្ថែម។

ពាក់ព័ន្ធបំណុលនេះ ឯកឧត្តម បញ្ជាក់ថា ​បើតាមការវាយតម្លៃពី IMF, ធនាគារពិភពលោក និងស្ថាប័នវាយតម្លៃធំៗផ្សេងទៀត មកដល់ពេលនេះបំណុល ដែលរាជរដ្ឋាភិបាលខ្ចី បើធៀបទៅនឹងប្រទេសផ្សេងៗ គឺកម្ពុជាស្ថិតនៅក្នុងកម្រិតទាបនៅឡើយ ៕

 

 

Leave a Reply

Your email address will not be published.