សម្តេចតេជោ ហ៊ុន សែន ទើបនឹងអនុម័តឱ្យចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៣ ឬដូសជំរុញដល់កុមារ និងយុវវ័យអាយុចាប់ពី១២ឆ្នាំ ទៅ១៨ឆ្នាំ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា សម្តេចទើបនឹងអនុម័តឱ្យចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៣ ឬដូសជំរុញដល់កុមារ និងយុវវ័យអាយុចាប់ពី១២ឆ្នាំ ទៅ១៨ឆ្នាំ ដោយចាប់ផ្តើមយុទ្ធនាការចាក់នៅខែមករា ឆ្នាំ២០២២ និងអនុវត្តតាមវិធីសាស្ត្រផ្ការីក ដូចចាក់មនុស្សចាស់ពីរាជធានីភ្នំពេញ និងខេត្តកណ្តាល។

នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសយ៉ាងដូច្នេះថា៖ «អញ្ចឹងគ្រាន់តែរបៀបចាត់ចែង គឹហៅថាសិល្បៈដឹកនាំនៃការចាក់វ៉ាក់សាំងនេះក៏ត្រូវមានវិធីរបស់វា ខ្ញុំទើបនឹងអនុម័តពីម្សិលមិញ ឱ្យចាក់វ៉ាក់សាំងដូសទី៣ សម្រាប់កុមារ និងយុវវ័យចាប់ពីអាយុ១២ឆ្នាំ ទៅអាយុ១៨ឆ្នាំ ខែមករានេះ ត្រូវចាប់ផ្តើមចាក់ហើយអនុវត្តតាមវិធីសាស្ត្រផ្ការីក ដូចមនុស្សចាស់ដែល មនុស្សចាស់រហូតមកដល់ពេលនេះចាក់បាន ៣លាននាក់ទៅហើយ រួចចាប់ផ្តើមចាក់ចេញពីភ្នំពេញដដែល ហើយកម្រិត៤ ទៅ៦ខែ»

អញ្ចឹងគឺគណៈកម្មការ គណៈអចិន្ត្រៃយ៍ គណៈប្រចាំការនៃគណៈកម្មការជាតិប្រយុទ្ធប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ បានស្នើសុំខ្ញុំអនុម័តឱ្យចាក់ គឺចំនួនកុមារប្រមាណជាង២លាននាក់ ប៉ុណ្ណឹងទេ នៅទូទាំងប្រទេស ប៉ុន្តែ សម្រាប់ទីក្រុងភ្នំពេញមួយ និងខេត្តកណ្តាលមានកុមារមិនច្រើនទេ ប្រហែលមានតែជាង២៣ម៉ឺននាក់ទេ ហើយក៏មិនចាំបាច់ប្រើកម្លាំងពេទ្យធំទេ ដើម្បីបង្កើតភាពសាំនៅក្នុងសហគមន៍មួយយើងបើកសាលារៀនកន្លងទៅអត់ទាន់ឃើញមានបញ្ហាទេ»។

បន្ថែមពីនេះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា វត្តមានវ៉ាក់សាំងកូវីដ១៩ ដែលរាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងស្វែងកដើម្បីចាក់ជូនប្រជាជន គឺបានទប់ស្កាត់ការស្លាប់គរជើងគ្នាដែលបង្កឡើងដោយជំងឺកូវីដ១៩ ខណៈបណ្តាប្រទេសមួយចំនួនមានប្រជាជនបានស្លាប់បាត់បង់ជីវិតដោយសារតែជំងឺកូវីដ១៩នេះ។

«ហើយសង្ឃឹមថា ប្រជាពលរដ្ឋរបស់យើងនឹងយោគយល់ ហើយអ្វីដែលខ្ញុំសប្បាយចិត្តជាងគេ គឺភាពក្លាហានរបស់កុមារ និងយុវវ័យ ដែលពួកគេបានសម្រុកទៅចាក់វ៉ាក់សាំងដោយគ្មានការភ័យខ្លាច ហើយក្លាហានមានរបៀបរៀបរយ ដែលគួរឱ្យសសើរ គួរឱ្យគោរព»។ នេះជាការបញ្ជាក់បន្ថែមរបស់សម្តេចតេជោ ហ៊ុន សែន៕

 

Leave a Reply

Your email address will not be published.