គណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ ចុះត្រួតពិនិត្យការសាងសង់បង្គោលព្រំ​ ដីតំបន់៣ព្រៃលិចទឹក ស្ថិតក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ

(បន្ទាយមានជ័យ)៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ ចុះត្រួតពិនិត្យការសាងសង់បង្គោលព្រំ និងលើកផ្លាកប៉ាណូផែនទីកំណត់ព្រំប្រទល់ដីតំបន់៣ព្រៃលិចទឹក ស្ថិតក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ។

សកម្មភាពនេះធ្វើឡើងនាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ ដែលមាន២គោលដៅ គឺនៅវាលអន្លក់ ស្ថិតក្នុងភូមិស្រណាល ឃុំសំបួរ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ និងនៅអាងលីសំអាង ស្ថិតក្នុងភូមិក្របៅ ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

អភិបាលខេត្តបន្ទាយមានជ័យបានបញ្ជាក់ឲ្យដឹងបន្តទៀតថា អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវយល់ឲ្យបានច្បាស់អំពីគោលការណ៍ណែនាំស្តីពីការកំណត់ និងការបែងចែកតំបន់គ្រប់គ្រងក្នុងតំបន់ការពារធម្មជាតិមូលដ្ឋាននៃការធ្វើសារពើភណ្ឌព្រៃឈើ ការសិក្សាស្រាវជ្រាវអំពីជីវចម្រុះ និងការប្រមូលទិន្នន័យសម្រាប់កំណត់ បែងចែកតំបន់គ្រប់គ្រងក្នុងតំបន់ការពារធម្មជាតិ ព្រមទាំងតំបន់សហគមន៍តំបន់ប្រើប្រាស់ដោយចីរភាព ជាពិសេសការផ្ទៀងផ្ទាត់ផែនទីជាមួយចូលរួមក្នុងការអនុវត្តឲ្យបានត្រឹមត្រូវ និងសមស្របបំផុតផងដែរ។

សូមជម្រាបថា សកម្មភាពនេះគឺអនុវត្តតាមបទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឲ្យលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថផ្ទៃប្រទេស លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានដាក់ចុះក្នុងកិច្ចប្រជុំបន្ទាន់មួយស្តីពីក្រុមការងារថ្នាក់ជាតិចុះពិនិត្យព្រៃលិចទឹកតំបន់បឹងទន្លេសាបក្នុងតំបន់៣ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ កាលពីពេលកន្លងទៅ៕

 

Leave a Reply

Your email address will not be published.