សៀមរាបៈ ប្រជាសហគមន៍ រស់នៅលើខ្នងភ្នំគូលែន ខេត្តសៀមរាប អាចរកចំណូលបាន កាន់តែខ្ពស់ ក្នុងការចិញ្ចឹមជ្រូកណ្តុរ។
ប្រជាសហគមន៍ រស់នៅលើខ្នងភ្នំគូលែន ខេត្តសៀមរាប ឱ្យដឹងថា ពួកគាត់ អាចរកចំណូលបាន ក្នុងមួយឆ្នាំ ប្រមាណ ៣.០០០ -៤.០០០ ដុល្លារ ហើយដែលអាចជួយទ្រទ្រង់ ជីវភាពរបស់ពួកគាត់ ឱ្យប្រសើរជាងមុន។ ពួកគាត់ អាចលក់សម្រាប់ ធ្វើជាជ្រូកកណ្តុរដុត ឬជ្រូកកណ្តុរខ្វៃ សម្រាប់លក់ជូនដល់ ភ្ញៀវទេសចរ ដែលនិយមបរិភោគ នាពេលបច្ចុប្បន្ន។ ចំពោះរសជាតិរបស់ជ្រូកកណ្តុរ ចិញ្ចឹមតាមបែបធម្មជាតិ ទាំងស្បែក និងសាច់ មានរសជាតិ ឆ្ងាញ់ ជាងជ្រូកនាំចូល។
លោក ស៊ឹម សុខ ជាប្រជាសហគមន៍ ដែលចិញ្ចឹមជ្រូកណ្តុរ ជាច្រើនឆ្នាំ មកហើយ រូបនេះ បានឱ្យដឹងបន្ថែមថាៈ “ក្នុងទំហំដី ២០ គុណនឹង ៦០ ម៉ែត្រ គឺខ្ញុំបានរៀបចំទីកន្លែង ចិញ្ចឹមជ្រូកនិងចិញ្ចឹមមាន់ ហើយទំហំដីប៉ុននេះ ខ្ញុំអាចរកប្រាក់ចំណូល សម្រាប់ចិញ្ចឹមគ្រួសារ បានយ៉ាងសុខស្រួល ជាងមុន”។ លោកបានបន្ថែមថា ជ្រូកកណ្តុរ ជាប្រភេទសត្វ ងាយស្រួលចិញ្ចឹម ស៊ីចំណីធម្មជាតិ ដូចជា ដើមចេក កន្ទក់ ឬ អ្វីផ្សេងពីនេះ ហើយនៅពេលជ្រូក ទម្ងន់ចាប់ពី ៦ គីឡូ ដល់ជាង ១០ គីឡូក្រាម គាត់អាចលក់បាន។ តម្លៃជ្រូករស់គាត់អាចលក់បានមួយក្បាល ៤០ ម៉ឺនរៀល។
លោកបានបញ្ចាក់ទៀតថា ទាក់ទិននឹងរឿងជ្រូកនេះដែរ គាត់បានណែនាំដល់ក្រុមអ្នក ទេសចរ និងពលរដ្ឋកម្ពុជា មិនត្រូវចាញ់បោកគេឡើយ ពីព្រោះថា ជ្រូកកណ្តុរ គឺជាជ្រូក ងាយចំណាំ គឺមានច្រមុះស្រួច ជើងតូច ត្រចៀកតូច ហើយបើខុសលក្ខណៈនេះ គឺជាជ្រូក ធម្មតាទេ៕