រដ្ឋាភិបាលវៀតណាមបានអនុម័តឲ្យចាប់ផ្តើមឡើងវិញ នូវជើងហោះហើរពាណិជ្ជកម្ម ជាទៀងទាត់រវាងប្រទេសវៀតណាម និងគោលដៅទេសចរអន្តរជាតិនានា

(ហាណូយ)៖ សារព័ត៌មានវៀតណាម បានរាយការណ៍ឱ្យដឹងនៅថ្ងៃសៅរ៍នេះថា រដ្ឋាភិបាលវៀតណាមបានអនុម័តឲ្យចាប់ផ្តើមឡើងវិញ នូវជើងហោះហើរពាណិជ្ជកម្ម ជាទៀងទាត់រវាងប្រទេសវៀតណាម និងគោលដៅទេសចរអន្តរជាតិនានា ដែលមានសុវត្ថិភាពខ្ពស់ពីជំងឺ COVID-19 ដោយនឹងចាប់ផ្តើមអនុវត្តពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ ខាងមុខនេះតទៅ។ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៉ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី១១ ខែធ្នូ ឆ្នាំ២០២១។

បើតាមការជូនដំណឹងចុងក្រោយរបស់ការិយាល័យរដ្ឋាភិបាលវៀតណាម គោលដៅទេសចរទាំងនោះរួមមាន ប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង ថៃ សិង្ហបុរី ឡាវ កម្ពុជា និងសហរដ្ឋអាមេរិក។ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក ផាម ប៊ិញ មិញ (Pham Binh Minh) បានគូសបញ្ជាក់នៅក្នុងសេចក្តីណែនាំរបស់រដ្ឋាភិបាលថា វិធានការនេះ គឺដើម្បីស្តារការដឹកជញ្ជូនអ្នកដំណើរអន្តរជាតិឡើងវិញ ក៏ដូចជាដើម្បីបង្កើនល្បឿននៃការស្តារសេដ្ឋកិច្ច និងទេសចរណ៍ឡើងវិញផងដែរ ។

សូមបញ្ចាក់ផងដែរថា ប្រទេសវៀតណាមបានបិទព្រំដែនរបស់ខ្លួន និងបិទជើងហោះហើរអន្តរជាតិទាំងអស់ជាលើកដំបូង កាលពីខែមីនា ឆ្នាំ២០២០ កន្លងទៅនេះ ដើម្បីទប់ទល់នឹងជំងឺឆ្លងរាតត្បាត COVID-19 ដោយបានអនុញ្ញាតការចូលមកកាន់ប្រទេសនេះ សម្រាប់តែអ្នកធ្វើមាតុភូមិនិវត្តន៍វៀតណាម អ្នកជំនាញបរទេស និងកម្មករជំនាញកម្រិតខ្ពស់ ជាមួយនឹងលក្ខខណ្ឌតម្រូវឱ្យធ្វើចត្តាឡីស័ក៕

Leave a Reply

Your email address will not be published.