អាមេរិកបានទម្លាក់គ្រាប់បែកនៅកម្ពុជា ចាប់ពីដើមឆ្នាំ១៩៦៣ ដល់ដើមឆ្នាំ១៩៧៥ ចំនួន២លាន៨សែនតោន ដែលទិន្នន័យនេះ ត្រូវបានឯកភាពដោយប្រធានាធិបតី Bill Clinton នៅឆ្នាំ២០០០

(ភ្នំពេញ)៖ អាមេរិកបានទម្លាក់គ្រាប់បែកនៅកម្ពុជា ចាប់ពីដើមឆ្នាំ១៩៦៣ ដល់ដើមឆ្នាំ១៩៧៥ ចំនួន២លាន៨សែនតោន ដែលទិន្នន័យនេះ ត្រូវបានឯកភាពដោយប្រធានាធិបតី Bill Clinton នៅឆ្នាំ២០០០។

ចំនួនគ្រាប់បែកជិត៣លានតោនទាំងនេះ មិនទាន់គិតឡើយពីចំនួនគ្រាប់បែកគីមីនោះទេ គ្រាប់បែកគីមីដែលត្រូវបានរកឃើញជាបន្តបន្ទាប់ នៅលើទឹកដីកម្ពុជាភាគខាងកើត ពិសេសនៅខេត្តស្វាយរៀង។

បើគិតរយៈពេលតែពីថ្ងៃទី០៥ ខែតុលា ឆ្នាំ១៩៦៥ ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ១៩៧៣ នៅការទម្លាក់គ្រាប់បែករបស់អាមរិកលើកម្ពុជា ក្រោមលេសថា តាមកំទេចពួកយៀកកុង យួនឈ្លានពាននោះ បានសម្លាប់ប្រជាជនខែ្មរជាង៥០០,០០០នាក់ ដោយផ្ទាល់ និងកំទេចតែភូមិក ផ្ទះសំបែងខែ្មររាប់ម៉ឺនកន្លែង។ នេះបើតាមទិន្នន័យដែលអង្គភាពដោះមីន ស៊ីម៉ាក់ បានបង្ហាញឲ្យដឹង។ ទិន្នន័យរបស់អង្គភាពស៊ីម៉ាក់ ដែលធ្លាប់ផ្សព្វផ្សាយនាពេលកន្លងមក បានឲ្យដឹងទៀតថា គ្រាប់ទម្លាក់ពីយន្តហោះ គឺមានពីសហរដ្ឋអាមេរិក ក្នុងរដ្ឋបាលលោកប្រធានាធិបតី Johnson ចាប់ពីឆ្នាំ១៩៦៥ បានទំលាក់គ្រាប់បែកលើទឹកដីកម្ពុជាចំនួន ៤៧៥,៥១៥តោន (ជិតកន្លះលានតោន) ហើយ ក្នុងរដ្ឋបាលលោកប្រធានាធិបតី Richard Nixon ចាប់ពីឆ្នាំ១៩៦៩ បានបញ្ជាដាច់ណាត់ឲ្យទំលាក់គ្រាប់បែក យ៉ាងខ្លាំងក្លា បំផុត មានចំនួនប្រមាណជាង២លានតោន ក្នុងរយៈពេល៥ឆ្នាំ (១៩៦៩-១៩៧៣ )។ នាំឲ្យទិន្នន័យសរុបមានចំនួនជាង២លាន៨សែនតោន ក្នុងរយៈពេល ថ្ងៃទី០៤ តុលា ឆ្នាំ១៩៦៥ ដល់ថ្ងៃទី១៥ សីហា ឆ្នាំ១៩៧៣ ដែលក្នុងនោះមានកូនគ្រាប់បែកចង្កោមជាង២៦លានគ្រាប់ និងគ្រាប់បែកគីមី (គ្មានកំណត់ត្រានៅឡើយទេ) ដែលតួលេខនេះមិនទាន់ពេញលេញទេ។

ទម្ងន់គ្រាប់បែករាប់លានតោននេះ បង្កឲ្យមានក្តីឈឺចាប់ខ្លោចផ្សាណាស់ សម្រាប់ប្រជាពលរដ្ឋខ្មែរ ចាប់តាំងជំនាន់មុនរហូតមកដល់បច្ចុប្បន្ននេះ។ ពលរដ្ឋខ្មែរជំនាន់មុន ពួកគាត់ខ្លះត្រូវបាត់បង់ជីវិត ខ្លះធ្លាក់ខ្លួនពិការ ខ្លះមានជំងឺផ្លូវចិត្ត ដោយសារទម្ងន់គ្រាប់បែកដ៏មហិមា។ កេរ្តិ៍មរតករបស់អាមេរិក គឺគ្រាប់បែកចង្កោមជិត២៧លានគ្រាប់ នៅតែត្រូវបានរកឃើញជាហូរហែមកដល់បច្ចុប្បន្ន។ កេរ្តិ៍មរតកនេះ បន្តគំរាមគំហែងដល់ការរស់នៅរបស់ប្រជាជនខ្មែរ ដែលនេះជាក្តីឈឺចាប់មួយ។

ក្តីឈឺចាប់ខ្លាំងមួយទៀតនោះ បញ្ហាបំណុលកខ្វក់របស់អាមេរិក ក្នុងសម័យ លន់ នល់, បំណុលដែលកម្ពុជាជំពាក់រាប់រយលានដុល្លារនេះ គឺការបន្ថែមការឈឺចាប់ ចំពោះជនរងគ្រោះ និងអ្នកស្លាប់ដោយសារគ្រាប់បែកទម្លាក់ដោយ ទ័កអាកាសរបស់អាមេរិក ដែលគ្រាប់បែកទាំងនោះ ត្រូវបានប្រទះឃើញនៅលើទឹកដីខ្មែរ ជារៀងរាល់ថ្ងៃ។ លើសពីនេះ វាជារឿងអយុត្តិធម៌បំផុត ចំពោះកម្ពុជា ដែលអាមេរិកយកគ្រាប់បែកទម្លាក់ សម្រាប់ប្រជាជនកម្ពុជាហើយ មកទារលុយថ្លៃគ្រាប់បែកនោះទៀត ពិតជាអយុត្តិធម៌ខ្លាំងណាស់។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្លាប់បានប្រៀបប្រដូចគ្រាប់បែកទម្លាក់ដោយអាមេរិក លើទឹកដីខ្មែរដូចជាញញួរ ឬពូថៅ ដែលគេយកមកសំពងលើក្បាលប្រជាជនខ្មែរ ហើយនៅពេលញញួរនោះប្រឡាក់ឈាម គេថែមទាំងទារលុយថ្លៃសម្អាតញញួរនោះថែមទៀត ដែលអំពើនេះ ជាអំពើអយុត្តិធម៌ និងឈឺចាប់ជាទីបំផុត។

យោងតាមឯកសាររបស់ក្រសួងការបរទេសអាមេរិក ដែលផ្តល់ជូនព្រឹទ្ធសភាអាមេរិក ហើយត្រូវបានអង្គភាពស៊ីម៉ាក់ ផ្សព្វផ្សាយជាហូរហែ បានបញ្ជាក់ពីការទទួលស្គាល់របស់អាមេរិកថា កម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសនានា ក្នុងពិភពលោក ដែលទទួលរងផលប៉ះពាល់ ដោយសារគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះដ៏ច្រើនបំផុត ក្នុងនោះរួមមាន៖ គ្រាប់បែកចង្កោម, គ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះផ្សេងទៀត។

ជាមួយតួលេខទម្លាក់គ្រាប់បែកដែលអះអាង ដោយរដ្ឋបាលអាមេរិកដូចខាងលើនេះ អង្គភាពសើម៉ាក់តែងតែច្រានចោលតួលេខនេះ និងលើកឡើងថា ជាតួលេខ មិនពេញលេញនៅឡើយទេ ដែលការពិតការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិកនៅកម្ពុជាមាន បរិមាណច្រើន និងធំធេងជាងនេះទៅទៀត។ ទន្ទឹងនឹងនេះ គ្រាប់បែកចង្កោម ត្រូវបានហាមឃាត់ដោយអនុសញ្ញាអន្តរជាតិ ក្រុងអូស្លូប្រទេសណរ័វេស្សទៀតផង៕

 

Leave a Reply

Your email address will not be published.