ចក្រភពអង់គ្លេស នឹងស្វែងរកការបង្រួបបង្រួមគ្នាមួយ ការឈ្លានពានរបស់ប្រទេសរុស្ស៊ីលើប្រទេសអ៊ុយក្រែន

(លីវើភូល)៖បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃសៅរ៍ ទី១១ ខែធ្នូ ឆ្នាំ២០២១។ ចក្រភពអង់គ្លេស នឹងស្វែងរកការបង្រួបបង្រួមគ្នាមួយ ប្រឆាំងទៅនឹងអ្វីដែលប្រទេសអឺរ៉ុបទាំងឡាយ ចោទប្រកាន់ថា ជាការឈ្លានពានរបស់ប្រទេសរុស្ស៊ីលើប្រទេសអ៊ុយក្រែន ខណៈចក្រភពអង់គ្លេស គឺជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស មកពីបណ្ដាប្រទេសសេដ្ឋកិច្ចជឿនលឿនទាំង ៧ ឬ G7 ដែលធ្វើឡើងនៅក្នុងទីក្រុងលីវើភូល (Liverpool) ភាគខាងជើងប្រទេស។

កិច្ចប្រជុំនៃក្រុមប្រទេស G7 ដែលមានការចូលរួមដោយផ្ទាល់ ពីសំណាក់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់ថូនី ប្លីងគែន (Antony Blinken) និងក្រុមសមភាគីមកពីប្រទេសបារាំង អ៊ីតាលី អាល្លឺម៉ង់ ជប៉ុន និងកាណាដា បានកើតឡើងចំពេលមានការព្រួយបារម្ភ ជាលក្ខណៈអន្តរជាតិថា ប្រទេសរុស្ស៊ីអាចឈ្លានពានលើប្រទេសអ៊ុយក្រែន ប៉ុន្តែរុស្ស៊ីបានបដិសេធយ៉ាងម៉ឺងម៉ាត់ថា ខ្លួនមិនមានការរៀបចំផែនការ សម្រាប់បើកការវាយប្រហារណាមួយនោះឡើយ។

រដ្ឋមន្ត្រីការបរទេសចក្រភពអង់គ្លេស លោកស្រី លីស ត្រាស់ (Liz Truss) បានគូសបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន នៅមុនកិច្ចប្រជុំថា «អ្វីដែលយើងត្រូវធ្វើ គឺរារាំងរុស្ស៊ីមិនឱ្យធ្វើសកម្មភាពនោះ។ អ្វីដែលកិច្ចប្រជុំ G7 នឹងត្រូវធ្វើនៅចុងសប្តាហ៍នេះ គឺបង្ហាញអំពីការរួបរួមគ្នារវាងប្រទេស G7 នៅក្នុងជំហរដ៏រឹងមាំដាច់ខាត… ប្រឆាំងនឹងការឈ្លានពាន (ដោយរុស្ស៊ី) ទៅលើអ៊ុយក្រែន»

គួរបញ្ជាក់ថា អ៊ុយក្រែនបានចោទប្រកាន់រុស្ស៊ីថា បានប្រមូលផ្តុំកងទ័ពរាប់ម៉ឺននាក់ នៅតាមព្រំដែនរបស់ខ្លួន ដើម្បីត្រៀមរៀបចំផែនការ សម្រាប់ការវាយប្រហារយោធាទ្រង់ទ្រាយធំ ដែលអាចនឹងកើតមានឡើង ខណៈរុស្ស៊ីបានចោទប្រកាន់អ៊ុយក្រែន និងសហរដ្ឋអាមេរិកវិញ ចំពោះពអាកប្បកិរិយាមិនសមរម្យ និងចេតនាបង្កអស្ថេរភាព ហើយទីក្រុងម៉ូស្គូបានអះអាងទៀតថា ខ្លួនត្រូវចាត់វិធានការដើម្បីធានាសន្តិសុខ៕

 

Leave a Reply

Your email address will not be published.