ក្រសួងសុខាភិបាលថៃ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៤,១៩៣ករណីបន្ថែមទៀត ​និងអ្នកជំងឺចំនួន ២៨នាក់បានស្លាប់

(បាងកក)៖នៅថ្ងៃសុក្រ ទី១០ ខែធ្នូ ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលថៃ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៤,១៩៣ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានថៃ Bangkok Post។ អ្នកជំងឺចំនួន ២៨នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ខណៈអ្នកជំងឺចំនួន ៧,៨៦៣នាក់ផ្សេងទៀត ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។

រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួន ២,១៦០,៧៨០ករណី ក្នុងនោះមានអ្នកស្លាប់ ២១,១១២នាក់ និងអ្នកជាសះស្បើយឡើងវិញ ២,០៨២,៩៥១នាក់។ គិតត្រឹមពេលនេះ ថៃបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុប ៩៦.៨៣លានដូស ក្នុងនោះប្រជាជន ៤៣.១១លាននាក់ (៦១.៦៤% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕

Leave a Reply

Your email address will not be published.