អគ្គិភ័យបានឆាបឆេះ ផ្ទះ​ប្រជាពលរដ្ឋ ៧២ ខ្នង​នៅ​ចំណុច​ផ្លូវ​រថភ្លើង តំបន់​បឹងកក់ ភូមិ​៣ សង្កាត់​ស្រះចក ខណ្ឌដូនពេញ

ភ្នំពេញ​៖ កាលពី​វេលា ៦​និង​៥០ នាទី ព្រឹក​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០២១ ​អគ្គិភ័យបានឆាបឆេះ ផ្ទះ​ប្រជាពលរដ្ឋ ៧២ ខ្នង​ផ្ទះ ជា​ប្រភេទ​ផ្ទះ​ឈើ ប្រក់​ស័ង្កសី និង​ខ្លះទៀត ប្រភេទ​ស័ង្កសី​សុទ្ធ តែ​មិន​បណ្ដាល ឲ្យ​មាន​មនុស្ស រងរបួស ឬ​បាត់​បង់ជីវិត​ឡើយ​។ ហេតុការណ៍​នេះ បានកើត​ឡើង នៅ​ចំណុច​ផ្លូវ​រថភ្លើង តំបន់​បឹងកក់ ភូមិ​៣ សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។​

ប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុ បាន​ឲ្យ​ដឹងថាៈ នៅ​មុនពេល​កើតហេតុ គឺមាន​ផ្សែងហុយ ចេញពីផ្ទះ គ្មាន​មនុស្សនៅ​ដោយ​ផ្ទះ​នោះ បាន​លក់​ទៅ​ឲ្យ​អ្នកផ្សេង ភ្លាមៗ​នោះ បាន​ឆាបឆេះ រាលដាល យ៉ាង​សន្ធោសន្ធៅ ។ បងប្អូន​ប្រជាពលរដ្ឋ រស់នៅ​ជិតខាង បាន​រាយការណ៍ ទៅ​អាជ្ញាធរ ខ្លះទៀត​បាន​ប្រមូល​របស់របរ ចេញពីផ្ទះ សឹង​មិនទាន់​។​ដោយ​ស្ថានភាព​ភ្លើង​ឆាបឆេះ ក្នុង​លក្ខណៈ​ទ្រង់ទ្រាយ​ធំ ធ្វើ​ឲ្យ​កម្លាំង​សមត្ថកិច្ច មិន​ងាយស្រួល ក្នុង​ការជួយ​អន្តរាគមន៍ បាន​ទាន់ពេលវេលា​ឡើយ​។​

​ ​ សមត្ថកិច្ច បាន​ប្រើប្រាស់​រថយន្ត ពន្លត់​អគ្គិភ័យ អស់​ជាច្រើន​គ្រឿង រួមមាន រថយន្ត​របស់​ការិយាល័យ​បង្ការ និង​ពន្លត់​គ្រោះ​អគ្គិភ័យ នៃ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ រថយន្ត​របស់ OCIC រថយន្ត ក្រសួង មហាផ្ទៃ ទីក្រុង​អូ​ឡាំ​ព្យា​។ ចំពោះ​មូលហេតុ សមត្ថកិច្ច កំពុងធ្វើការ​ស្រាវជ្រាវ​បន្ត​៕

Leave a Reply

Your email address will not be published.