ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ៖ កងទ័ព ត្រូវគោរពឱ្យបានម៉ឺងម៉ាត់នូវរដ្ឋធម្មនុញ្ញ, ច្បាប់លក្ខន្តិកៈទូទៅ, បទវិន័យទូទៅ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងៗ

(កំពត)៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក បានថ្លែងថា កងទ័ព ត្រូវគោរពឱ្យបានម៉ឺងម៉ាត់នូវរដ្ឋធម្មនុញ្ញ, ច្បាប់លក្ខន្តិកៈទូទៅ, បទវិន័យទូទៅ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងៗ ក៏ដូចជាបទបញ្ជារបស់រាជរដ្ឋាភិបាល, ក្រសួងការពារជាតិ, អគ្គបញ្ជាការដ្ឋាន និងបញ្ជាការដ្ឋានកងទ័ពជើងគោក សំដៅថែរក្សាឱ្យបានដាច់ខាតនូវ សុខសន្តិភាព។

ការថ្លែងបែបនេះ របស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នៅក្នុងពិធីប្រកាសបង្កើតផ្នែកសឹករងបូកគោ, តែងតាំងផ្លាស់ប្តូរមុខតំណែង, បំពាក់ឋានន្តរស័កិ្ត និងបញ្ចូលក្របខ័ណ្ឌពលទាហាន នៅតំបន់ប្រតិបត្តិការសឹករងកំពត នាថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ ម្សិលមិញ។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានដឹងថា ដោយឡែក មេបញ្ជាការ មេបញ្ជាការរង គឺជាមជ្ឈមណ្ឌលនៃសាមគ្គីភាព ឯកភាពផ្ទៃក្នុង ដោយផ្តើមចេញពីការគោរពឱ្យតម្លៃគ្នា និងការរក្សាគុណភាពនៃបរិមាណ តាមរយៈការបែងចែក តួនាទី និងភារកិច្ចឱ្យបានច្បាស់លាស់ ដោយឈរលើសិល្បៈ និងបច្ចេកទេសក្នុងការដឹកនាំ ប្រកបដោយសមធម៌ គុណធម៌ និងយុត្តិធម៌ បង្កើតបានជាទំនុកចិត្តរបស់ថ្នាក់ក្រោម។ ក្នុងឱកាសដ៏ថ្លៃថ្លា និងជាប្រវត្តិសាស្រ្តនេះ សូមចូលរួមអបអរសាទរចំពោះអង្គភាពថ្មី ផ្នែកសឹករងក្រុងបូកគោ ព្រមទាំង នាយទាហាន នាយទាហានរង និងពលទាហាន ដែលទទួលបាននូវឱកាសក្នុងការចូលរួមដឹកនាំ ពង្រឹង បម្រើ និងកសាងកងឯកភាពឱ្យបានរឹងមាំលើគ្រប់វិស័យ ជាពិសេសការហ្វឹកហ្វឺន អប់រំចិត្តសាស្ត្រ បំប៉នមុខជំនាញ ការចូលរួមអភិវឌ្ឍសហគមន៍ និងកិច្ចសហការជិតស្និទ្ធជាមួយអាជ្ញាធរដែនដី កងកម្លាំងគ្រប់ប្រភេទ ដើម្បីធានាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈបានល្អប្រសើរជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏សូមកោតសរសើរ និងថ្លែងអំណរគុណចំពោះអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់, កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ, និងសប្បុរសជនទាំងអស់ ដែលតែងបានផ្តល់នូវកិច្ចសហការស្អិតរមួត និងការចូលរួមជួយឧបត្ថម្ភគាំទ្រដល់ តំបន់ប្រតិបត្តិការសឹករងកំពត និងអង្គភាពចំណុះ រហូតមានការរីកចម្រើនរឹងមាំលើគ្រប់ស័យ ធានាបាននូវសមត្ថភាពបំពេញភារកិច្ចការពារជាតិ និងប្រជាជក្នុងគ្រប់កាលៈទេសៈទាំងអស់។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានធ្វើការសម្រេចចិត្តជាយុទ្ធសាស្ត្រយ៉ាងឆាប់រហ័ស ប្រកបដោយភាពក្លាហាន និងការ ទទួលខុសត្រូវក្នុងការជ្រើសរើស និងបើកដំណើរការយុទ្ធនាការចាក់វ៉ាក់សាំងជូនពលរដ្ឋក្នុងប្រទេសកម្ពុជា ដោយសម្រេចបានជោគជ័យគួរជាទីមោទនៈ រហូតប្រទេសកម្ពុជាអាចត្រូវបានបើកដំណើរឡើងវិញលើគ្រប់វិស័យ ដូចពេលនេះ៕

 

Leave a Reply

Your email address will not be published.