វ៉ាក់សាំង (Astra Zeneca) ចំនួន ២៩០,៤០០ដូសនឹងមកដល់កម្ពុជានៅព្រឹកនេះ

(ភ្នំពេញ)៖  នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ៩៖៣៥នាទីព្រឹកនេះ។ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ដែលបានបញ្ជាក់ប្រាប់ថា វ៉ាក់សាំង (Astra Zeneca) ចំនួន ២៩០,៤០០ដូសនឹងមកដល់កម្ពុជា។

សូមជម្រាបថា ប្រទេសកម្ពុជា ធ្លាប់ជាប្រទេសមួយស្ថិតក្នុងចំណោមប្រទេសដំបូងគេ ដែលទទួលបានវ៉ាក់សាំងកូវីដ១៩ ពីអង្គការសុខភាពពិភពលោក (WHO) តាមរយៈកម្មវិធីកូវ៉ាក់ (COVAX)។ ការទទួលបានវ៉ាក់សាំងលើកទី១នោះ ក៏ជាប្រភេទអាស្ត្រាហ្សេណេកា ផងដែរ ដែលត្រូវបានដឹកមកដល់កម្ពុជានាថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ ដែលមានចំនួន ៣២៤,០០០ ដូស។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្លាប់ប្រកាសថា កម្ពុជាទទួលបានវ៉ាក់សាំងកូវីដ១៩ តាមរយៈកម្មវិធីកូវ៉ាក់នេះរហូតដល់ទៅ៧លានដូសឯណោះ។

មជ្ឈមណ្ឌលកូវ៉ាក់ គឺជាយន្តការអន្តរជាតិមួយ ត្រូវបានបង្កើតឡើងក្រោមកិច្ចសហប្រតិបត្តិការរវាងអង្គការសុខភាពពិភពលោក  ដើម្បីស្វះស្វែងរកវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់ប្រទេសក្រីក្រ និងប្រទេសអភិវឌ្ឍន៍តិចតួច ប្រទេសកម្ពុជា ក៏ជាប្រទេសមួយ ដែលត្រូវបានមជ្ឈមណ្ឌលកូវ៉ាក់កំណត់ជាប្រទេសត្រូវផ្តល់នូវជំនួយវ៉ាក់សាំង ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ផងដែរ។ មកដល់ពេលនេះវ៉ាក់សាំងប្រមាណជិត ៣លានដូសហើយ ដែលកូវ៉ាក់ បានបញ្ជូនមកដល់ប្រទេសប្រទេសកម្ពុជា។

មកដល់ពេលបច្ចុប្បន្ននេះ កម្ពុជារកបានវ៉ាក់សាំងសរុបជាង៤០លានដូស។ ក្នុងនោះជាង ៣០លានដូសជាវ៉ាក់សាំង ដែលកម្ពុជាបានបញ្ជាទិញពីប្រទេសចិន៕

Leave a Reply

Your email address will not be published.