បញ្ជូនជនសង្ស័យបីនាក់​មកកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ពាក់ព័ន្ធ​បទល្មើស​រក្សាទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ព្រមទាំង​ប្រើប្រាស់​អាវុធ​ខុសច្បាប់​

ភ្នំពេញៈ​ កាលពី​រសៀល​ថ្ងៃទី​៧​ខែធ្នូ​ឆ្នាំ​២០២១​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើក​ការ​ស៊ើបសួរ​លើ​សំណុំរឿង​ជន​ត្រូវ​ចោទ​បីនាក់​បន្ទាប់ពី​សមត្ថកិច្ច​ខណ្ឌ​ច្បារអំពៅ​បញ្ជូន​មកកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ពាក់ព័ន្ធ​បទល្មើស​រក្សាទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ព្រមទាំង​ប្រើប្រាស់​អាវុធ​ខុសច្បាប់​។

នៅ​ថ្ងៃទី​៤ ខែ​ធ្នូកន្លងទៅ​វេលា​ម៉ោង​២:៣០​រសៀល កម្លាំង​នគរបាល​ប៉ុស្តិ៍​ក្បាលកោះ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារអំពៅ បាន​សហការ​ជាមួយ​កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ចុះបង្ក្រាប​និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​បីនាក់ ត្រង់ចំណុច​ភូមិ​ជ្រោយ​អំពិល សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ​។

​ជនត្រូវ​ចោទ​ទាំងបីនាក់រួមមាន​ទី​១-​ឈ្មោះ ស៊ឹម ចិ​ត្រា ភេទប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ដីកាចាប់ខ្លួន​លេខ ៥៩០ ដ​ច​ន ចុះ​ថ្ងៃទី ៣០.០៨.២០១៨ ។ ២-​ឈ្មោះ អ៊ឹម សុវិចិត្រ ភេទប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ និង​៣-​ឈ្មោះ ខាត់ ឧ​ត្ត​ម ភេទប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​។ អ្នក​ទាំង​បីនាក់ ស្នាក់នៅ​ភូមិ​ជ្រោយ​អំពិល សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ ។​

សមត្ថកិច្ច​ដកហូត​បាន​វត្ថុតាង​មួយចំនួន​ដូចជា​៖ ម្សៅ​ក្រាម​ពណ៌​ស​ថ្លា ១១​ថង់​តូច​, អាវុធខ្លី​មួយ​ដើម​ម៉ាក កា​៥៩ (K 59) លេខ ៧៦៧៦, បង់​ចំនួន ០១ និង​គ្រាប់​ចំនួន​ពីរ​គ្រាប់​៕​

 

Leave a Reply

Your email address will not be published.