លោក ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​តនិង​លោកស្រី ពេ​ជ ច័ន្ទ​មុន្នី បាន​អញ្ជើញ​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះ​សព សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ

 ភ្នំពេញ​៖ នៅ​រសៀល​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០២១ នេះ​ លោក ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក និង​លោកស្រី ពេ​ជ ច័ន្ទ​មុន្នី បាន​អញ្ជើញ​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះ​សព សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធាន​ក្រុម​ឧត្ដមប្រឹក្សា​ផ្ទាល់ ព្រះមហា​ក្សត នៃ​ព្រះរាជាណាចក្រ​កម្ពុជា អតីត​នាយករដ្ឋមន្ត្រី ទី​១ និង​ជា​អតីត​ប្រធានរដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​កន្លែង​តម្កល់សព ស្ថិតនៅ​ដំណាក់​ព្រះអង្គ ផ្លូវ​សម្តេច​ប៉ាន់ សង្កាត់​បឹងរាំង ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។​ នៅ​ព្រឹក​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០២១ ស្អែក​នេះ ព្រះ​សព​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ នឹងធ្វើ​ការ​រំកិល​ដង្ហែ តាម​មហាវិថី​ព្រះ​នរោត្តម ឆ្ពោះទៅកាន់​មេរុ នៅមុខ​វត្ត​បទុម​វ​តី ដើម្បី​ធ្វើ​ពិធី​បូជា​រំលាយ​ព្រះ​សព តាមបែប​សាសនា និង​ប្រពៃណី រាជវង្សានុវង្ស​។

សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ទ្រង់​សោយ​ព្រះ​ទិវង្គត នៅ​ប្រទេស​បារាំង នៅ​ថ្ងៃអាទិត្យ ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២១ ក្នុង​ព្រះ​ជន្មាយុ ៧៧ ព្រះវស្សា ដោយ​ព្រះ រោគាពាធ ។ ព្រះ​សព​សម្តេចក្រុមព្រះ បាន​យាង​ដង្ហែ តាម​យន្តហោះ​ពិសេស ពី​ប្រទេស​បារាំង មកដល់​កម្ពុជា កាលពី​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០២១​។ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ទ្រង់​ប្រសូត​នៅ​ថ្ងៃទី​២ ខែមករា ឆ្នាំ​១៩៤៤ នៅ​ក្រុងភ្នំពេញ​។ ទ្រង់​ជា​បុត្រា​ច្បង​របស់​ព្រះករុណា សម្ដេច​ព្រះបាទ នរោត្តម សីហនុ ព្រះ​បរម​រតនា​កោដិ និង​អ្នក​ម្នាង ផាត់ កា​ញ៉ុ​ល​៕

 

Leave a Reply

Your email address will not be published.