ប្រមុខរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា លោក មីន អោង ហ្លេង ស្នើឱ្យមានការបន្ធូរបន្ថយទោសលោកស្រី អោង សាន ស៊ូ ជី មកនៅត្រឹម ០២ឆ្នាំវិញ

(រ៉ង់ហ្គូន)៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី០៧ ខែធ្នូ ឆ្នាំ២០២១។ ប្រមុខរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានស្នើឲ្យបន្ធូរបន្ថយទោសជាប់ពន្ធនាគាររបស់លោកស្រី អោង សាន ស៊ូ ជី មកនៅត្រឹម ០២ឆ្នាំវិញ បន្ទាប់ពីត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ០៤ឆ្នាំ ពីបទញុះញង់ឱ្យមានការបះបោរប្រឆាំងយោធា និងបំពានវិធានការទប់ស្កាត់ COVID-19។

អ្នកនាំពាក្យយោធាមីយ៉ាន់ម៉ាលោក សរ មីន តាន់ (Zaw Min Tun) កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ តុលាការមីយ៉ាន់ម៉ាបានផ្ដន្ទាទោសលោកស្រី ស៊ូ ជី ដាក់ពន្ធនាគារ ០២ឆ្នាំ ពីបទញុះញង់ឱ្យមានការបះបោរប្រឆាំងយោធា និង ០២ឆ្នាំទៀត ពីបទបំពានច្បាប់គ្រប់គ្រងគ្រោះមហន្តរាយ ដែលមានជាប់ពាក់ព័ន្ធនឹង COVID-19។ ចំណែកឯ លោក វីន ម្យីនត៍ (Win Myint) ជាអតីតប្រធានាធិបតីមីយ៉ាន់ម៉ា ក៏ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ០៤ឆ្នាំផងដែរ នៅក្រោមបទចោទដូចគ្នានឹងលោកស្រី ស៊ូ ជី។

ប៉ុន្តែ នៅយប់ថ្ងៃចន្ទដដែល ស្រាប់តែប្រមុខរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា លោក មីន អោង ហ្លេង បានសម្រេចចិត្តស្នើឱ្យមានការបន្ធូរបន្ថយទោសអ្នកទាំងពីរ ពីការជាប់ពន្ធនាគារម្នាក់ៗ ០៤ឆ្នាំ មកនៅត្រឹមម្នាក់ៗ ០២ឆ្នាំវិញ។  សេចក្ដថ្លែងការណ៍ដដែលបានឱ្យដឹងទៀតថា លោកស្រី ស៊ូ ជី និងលោក Win Myint នឹងត្រូវអនុវត្តទោសជាប់ពន្ធនាគារ «នៅក្រោមការឃុំខ្លួននៅក្នុងផ្ទះ នៅក្នុងរដ្ឋធានីណៃពិដោ» តែមិនមានការបញ្ជាក់លម្អិតអ្វីបន្ថែមលើសពីនេះទេ។

លោកស្រី ស៊ូ ជី ផ្ទាល់នៅត្រូវប្រឈមមុខនឹងបទចោទជាច្រើនករណីទៀត ក្នុងនោះរួមមានទាំងបទចោទ ពីការប្រព្រឹត្តអំពើពុករលួយជាដើម ដែលទោសនេះអាចឱ្យលោកស្រីជាប់ពន្ធនាគារ ១៥ឆ្នាំ៕

Leave a Reply

Your email address will not be published.