ថៃ​បាន​រកឃើញ​អ្នក​ឆ្លង​វីរុស​កូរ៉ូណា​បំប្លែង​ខ្លួន​ប្រភេទ អូ​មី​ក្រុង លើកដំបូង

ថៃ​បាន​រកឃើញ​អ្នក​ឆ្លង​វីរុស​កូរ៉ូណា​បំប្លែង​ខ្លួន​ប្រភេទ អូ​មី​ក្រុង លើកដំបូង​លើ​ពលរដ្ឋ​អាម៉េរិក​ម្នាក់​ដែល​បាន​ធ្វើដំណើរ​មក​ពី​អេ​ស្ប៉ាញ​កាលពី​ខែ​មុន​។​ ​អគ្គនាយក​នៃ​នាយកដ្ឋាន​គ្រប់គ្រង​និង​បង្ការ​ជំងឺ​លោក អូ​ប៉ាស កាន់កា​វីន​ពង់ បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ថ្ងៃ​ចន្ទ​ថា ករណី​ឆ្លង​អូ​មី​ក្រុង​នេះ​កើត​លើ​បុរស​វ័យ​៣៥​ឆ្នាំ​ម្នាក់​ដែល​ជា​ជនជាតិ​​អាម៉េរិក​និង​រស់នៅ​អេ​ស្ប៉ា​ញ​អស់ពេល​១​ឆ្នាំ​។​អ្នកជំងឺ​បាន​មកដល់​ថៃ​កាលពី​ថ្ងៃ​២៩​វិច្ឆិកា​និង​បាន​ចេញ​រោគសញ្ញា​ស្រាល​។​ ការប្រកាស​រក​ឃើញ​នេះ​ធ្វើអោយ​ថៃ​ក្លាយជា​ប្រទេស​ទី​៤៧​នៅក្នុង​លោក​ដែល​បាន​ប្រកាស​រកឃើញ​អ្នក​ផ្ទុក​វីរុស​អូ​មី​ក្រុង​។​

​លោក​អូ​ប៉ាស​បាន​បន្តថា អាជ្ញាធរ​បាន​ធ្វើតេស្តិ៍​បន្ថែម​លើ​អ្នក​ដែល​បាន​ប៉ះពាល់​ឬ​ទាក់ទង​ជាមួយ​បុរស​នេះ តែ​រាល់​ការទាក់ទង​ប្រឈម​ហានិភ័យ​ពី​ការឆ្លង​ទាប​។​ ថៃ​ហាម​អ្នកធ្វើដំណើរ​មក​ពី​ប្រទេស​អាហ្វ្រិក​ចំនួន​៨ ចាប់ពី​ដើម​ខែ​ធ្នូ ចំ​ពេល​មាន​ការបារម្ភ​អំពី​វីរុស​បំប្លែង​ខ្លួន​ថ្មី​នេះ​។​ កាលពី​ថ្ងៃ​ចន្ទ ថៃ​បាន​រាយការណ៍​អ្នក​ឆ្លងកូវី​ដ​១៩​ថ្មី​ចំនួន​៤.០០០​នាក់​និង​អ្នកជំងឺ​កូវី​ដ​១៩​ចំនួន​២២​នាក់​បាន​ស្លាប់ ដែល​នាំ​អោយ​ចំនួន​ឆ្លង​ជំងឺ​នេះ​សរុប​ឡើងដល់​ជាង​២,១​លាន​នាក់​និង​២០.៩៦៦​នាក់​ស្លាប់​ចាប់តាំងពី​ពេល​ផ្ទុះ​ជំងឺ​នេះ​កាលពី​ដើម​ឆ្នាំ​មុន​។

ក្រសួង​បាន​បង្ហាញថា ប្រជាជន​ថៃ​ទើបតែ​៥៧​ភាគរយ​បាន​ចាក់​វ៉ាក់សាំង​ការពារកូ​វីដ​១៩​បាន​ពេញលេញ​៕

Leave a Reply

Your email address will not be published.