វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន Pfizer ត្រូវបាន អាជ្ញាធររបស់ប្រទេសអូស្រ្តាលី អនុញ្ញាតឲ្យប្រើប្រាស់ សម្រាប់ចាក់ឲ្យកុមារស្ថិតនៅក្រុមអាយុចន្លោះ ៥-១១ឆ្នាំ

(កង់បេរ៉ា)៖  នៅថ្ងៃអាទិត្យនេះ អាជ្ញាធរផ្នែកត្រួតពិនិត្យឱសថរបស់ប្រទេសអូស្រ្តាលី  បានសម្រេចផ្តល់ការអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន Pfizer សម្រាប់ចាក់ឲ្យកុមារស្ថិតនៅក្រុមអាយុចន្លោះ ៥-១១ឆ្នាំហើយ។

បើតាមរដ្ឋមន្រ្តីសុខាភិបាលអូស្រ្តាលី ការចាក់វ៉ាក់សាំងឲ្យកុមារនៅក្រុមអាយុនេះ អាចនឹងចាប់ផ្តើមនៅដើមឆ្នាំក្រោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី០៥ ខែមករា ឆ្នាំ២០២១។

រដ្ឋមន្រ្តីសុខាភិបាលអូស្រ្តាលី លោក ហ្គ្រេក ហាន់ (Greg Hunt) ប្រកាសថា បានធ្វើការវាយតម្លៃយ៉ាងហ្មត់ចត់ ហើយបានកំណត់ថា វាមានប្រសិទ្ធភាពនិងសុវត្ថិភាព ព្រមទាំងជាប្រយោជន៍ដល់កុមារ និងប្រជាជនអូស្រ្តាលីទាំងមូល ក្នុងការអនុញ្ញាតឲ្យក្មេងៗអាយុ៥-១១ឆ្នាំ ទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19»។ ប្រទេសអូស្រ្តាលី មានកុមារអាយុចន្លោះ ៥-១១ឆ្នាំ ប្រមាណ២.៣លាននាក់។

ប្រជាជនអូស្រ្តាលីជាង ២០លាននាក់ ដែលស្មើនឹង៧៨ភាគរយ នៃចំនួនប្រជាជនសរុប បានទទួលការចាក់វ៉ាក់សាំង COVID-19 យ៉ាងហោច១ដូស និងជិត១៩លាននាក់ ដែលស្មើនឹង៧៣ភាគរយ នៃចំនួនប្រជាជនសរុប បានទទួលការចាក់គ្រប់ដូស។ សម្រាប់ករណីឆ្លងវិញ អូស្រ្តាលីមានសរុបមិនដល់ ២១៥,០០០ករណីឡើយ រួមជាមួយករណីស្លាប់ ២,០៤២ករណី៕

Leave a Reply

Your email address will not be published.