ក្រុមហ៊ុន Novavax  អាចចាប់ផ្តើមផលិតវ៉ាក់សាំង សម្រាប់ប្រឆាំងជា ជាមួយវីរុសបំប្លែងថ្មី Omicron នៅខែមករា ឆ្នាំ២០២២

(វ៉ាស៉ីនតោន)៖ ក្រុមហ៊ុន Novavax នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបាននិយាយថា ខ្លួនអាចចាប់ផ្តើមការផលិតវ៉ាក់សាំង សម្រាប់បង្ការវីរុស COVID-19 បំប្លែងថ្មី Omicron ជាពិសេសតែម្តង នៅខែមករា ឆ្នាំ២០២២ខាងមុខនេះ ខណៈក្រុមហ៊ុនកំពុងធ្វើតេស្តថា តើវ៉ាក់សាំងនាពេលបច្ចុប្បន្នរបស់ខ្លួន មានប្រសិទ្ធភាពប្រឆាំងនឹងវីរុសបំប្លែងថ្មីនេះដែរឬអត់។ តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១។

ក្រុមហ៊ុន Novavax បានបន្តទៀតថា ទិន្នន័យពីការធ្វើតេស្តដែលរំពឹងទុក ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ នឹងបង្ហាញថា បុគ្គលដែលបានទទួលការចាក់វ៉ាក់សាំង Novavax នាពេលបច្ចុប្បន្ន អាចមានប្រសិទ្ធភាព ប្រឆាំងនឹងវីរុសបំប្លែងថ្មីនេះបានដែរឬទេ។

ក្រុមហ៊ុន Novavax ក៏បាននិយាយផងដែរថា ខ្លួនបានចាប់ផ្តើមការអភិវឌ្ឍវ៉ាក់សាំងដែលមានគោលដៅប្រឆាំងជាពិសេស នឹងប្រូតេអ៉ីនស៉្ពៃ (spike protein) របស់វីរុសបំប្លែងថ្មី Omicron ហើយនឹងចាប់ផ្តើមធ្វើតេស្តវ៉ាក់សាំងនេះ ក្នុងរយៈពេល ២-៣សប្តាហ៍ទៀត។

គួរបញ្ជាក់ថា វីរុស COVID-19 បំប្លែងថ្មី Omicron បង្កឱ្យមានភាពភ្ញាក់ផ្អើល និងភ័យព្រួយជាសកលថា តើវាអាចប៉ះពាល់ដល់ប្រសិទ្ធភាពវ៉ាក់សាំងដែរ ឬក៏យ៉ាងណា៕

 

Leave a Reply

Your email address will not be published.