អគ្គិភ័យមួយបានឆាបឆេះ បណ្ដាលអោយបុរស​ម្នាក់ ស្លាប់ យ៉ាង​អាណោច​អ​ធ័​ម

បុរស​ម្នាក់ ស្លាប់ យ៉ាង​អាណោច​អ​ធ័​ម ដោយអគ្គិភ័យមួយបានឆាបឆេះ ​ កាលពី​វេលា​ម៉ោង ៣​និង​២៥ នាទី រសៀល ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០២១ នៅ​បន្ទប់​ផ្ទះជួល ផ្លូវ​បេតុង ក្នុងភូមិ​ដំណាក់ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ ។

​ជនរងគ្រោះដែលបានស្លាប់មាន​ឈ្មោះ ហេង សំ​អ៊ុន ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ មុខរបរ រត់​ម៉ូតូឌុប និង​លក់ដូរ មាន​ប្រពន្ធ​ឈ្មោះ ហៀ​ង ហម អាយុ​៥២​ឆ្នាំ មុខរបរ លក់ដូរ មានកូន ២ នាក់ (​ប្រុស​១​នាក់ ស្រី​១​នាក់​) ក្នុងបន្ទុក​គ្រួសារ ស្នាក់នៅ​បន្ទប់​ជួល​កើតហេតុ មាន​ស្រុកកំណើត នៅ​ខេត្តព្រៃវែង ។​

​តាម​ការបញ្ចាក់ប្រាប់ពី​កូនស្រី​របស់​ជនរងគ្រោះ បាន​ឲ្យ​ដឹងថា មុន​កើតហេតុ ឪពុកម្តាយ បាន​ឈ្លោះ ប្រកែក​ពាក្យសម្តី​គ្នា​មួយ​ប្រាវ ហើយ​ម្តាយ ក៏បាន​ចេញទៅ​ក្រៅ​បាត់ទៅ នៅផ្ទះ​តែ ២ នាក់ ឪពុក (​សព​) និង​កូនស្រី ចំណែក​កូនប្រុស​បង បាន​ទៅធ្វើ​ការ បាត់​ហើយ ដោយ​នៅផ្ទះ ឪពុក​គាត់ ដាក់​ដាំទឹក ចង្ក្រានហ្គាស ស្រាប់តែ​នៅវេលា​ម៉ោង​ខាងលើ ស្នូរ​ផ្ទុះ ក្បាល​ទុយោ​ធុង​ហ្គាស ចេញ​ជា​អណ្តាតភ្លើង ឆាបឆេះ​ដល់​អីវ៉ាន់ ផ្សែង​ខ្មួលខ្មាញ់ សន្ធោ​ឡើង ជនរងគ្រោះ ជា​ឪពុក​ដងទឹក​ជះ ខ្លួន​រត់ចេញ​ក្រៅ ភ្លើង​កាន់តែខ្លាំង​ឡើងរហូតដល់​ផ្ទុះ​កំប៉ុង​ហ្គាស តូចៗ​ទៀត ផ្អើល​អ្នកជិតខាង ជួយ​មិន​ឈ្នះ ជាប់​ឪពុក​នៅក្នុង​ផ្ទះ ។​

​ រថយន្ត​ពន្លត់​អគ្គិភ័យ ចំនួន ៨ គ្រឿង បាន​បញ្ជូន​ទៅជា​បន្តបន្ទាប់ បាញ់​ទឹក​ពន្លត់ភ្លើង ៣ រថយន្ត ទើប​រលត់ទៅវិញ សមត្ថកិច្ច តាម​ស្វែងរក​ជនរងគ្រោះ ក៏​ប្រទះឃើញ ស្លាប់​ផ្កាប់មុខ ក្នុង​បន្ទប់ទឹក ។​

​បើតាម​ការសន្និដ្ឋាន នៅពេលដែល​ភ្លើងកំពុងឆេះ​ខ្លាំង ជនរងគ្រោះ ចេញ​ក្រៅ​មិន​រួច រត់​ចូលក្នុង​បន្ទប់ទឹក តែ​ឈ្លក់ផ្សែង ថប់ដង្ហើម ទើប​បណ្តាល​ឲ្យ​ស្លាប់ ។​

​ទោះជា​យ៉ាងណាក្តី សមត្ថកិច្ច​មូលដ្ឋាន មន្ត្រី​ជំនាញ បាន​ពិនិត្យ ស្រាវជ្រាវ​បន្ត ជុំវិញ​គ្រោះ អគ្គិភ័យ ខាងលើ បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ មុននឹង​ប្រគល់​សព ជូន​ក្រុមគ្រួសារ ៕

 

Leave a Reply

Your email address will not be published.