សមត្ថកិច្ច​ខេត្តកំពង់ស្ពឺ បាន​ដកហូត​អត្តសញ្ញាណប័ណ្ណ សញ្ជាតិ​ខ្មែរ ជាង ៣០០សន្លឹក នៅតាម​ហាង​លក់​ទូរស័ព្ទដៃ ទីតាំង​បង់ រំលស់​ទូរស័ព្ទ និង​កន្លែង​ទទួល​បញ្ចាំ

កំពង់ស្ពឺ​៖ សមត្ថកិច្ច​ខេត្តកំពង់ស្ពឺ បាន​ដកហូត​អត្តសញ្ញាណប័ណ្ណ សញ្ជាតិ​ខ្មែរ ជាង ៣០០ សន្លឹក ត្រឡប់មកវិញ ប្រគល់ជូន​ប៉ុស្តិ៍នគរបាល ដើម្បី​រក្សាទុក ជា​បណ្តោះអាសន្ន បន្ទាប់ពី​ធ្វើការ​ត្រួតពិនិត្យ នៅតាម​ហាង​លក់​ទូរស័ព្ទដៃ ទីតាំង​បង់ រំលស់​ទូរស័ព្ទ និង​កន្លែង​ទទួល​បញ្ចាំ នៅ​រសៀល​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០២១ ។​

​សមត្ថកិច្ច​ខេត្តកំពង់ស្ពឺ បាន​ឲ្យ​ដឹងថាៈ អត្តសញ្ញាណប័ណ្ណ សញ្ជាតិ​ខ្មែរ គឺ​មិនត្រូវ​យកទៅដាក់​បញ្ចាំ នោះទេ ដោយ​គ្រាន់តែ​ថតចម្លង​ពី​ច្បាប់ដើម បាន​ហើយ ដើម្បី​ថែរក្សា​អត្តសញ្ញាណប័ណ្ណ​ទាំងនេះ សម្រាប់​ប្រើប្រាស់​កិច្ចការ​អ្វី ផ្សេងៗ​ទៀត ដូចជា​ការងារ​បោះឆ្នោត ជាដើម ។​

​តាម​ការបញ្ជាក់​ពី​ម្ចាស់​ហាង មួយចំនួន បាន​ឲ្យ​ដឹងថាៈ មូលហេតុ​នៃ​ការ​ទុក​អត្ត សញ្ញាណ​ប័ណ្ណ ច្បាប់ដើម​នេះ គឺជា​ថ្នូរ​នឹង​ការបង់​រំលស់​ទូរស័ព្ទដៃ ដោយ​សាមីខ្លួន សម្រេច​បង់ប្រាក់ ត្រឹម ៥០ ភាគរយ នៃ​តម្លៃ​ទូរស័ព្ទ មិន​គិតការ​ប្រាក់ រហូតដល់​ថ្ងៃ ប្រគល់​ប្រាក់ គ្រប់​តម្លៃ​ទូរស័ព្ទ ទើប​ម្ចាស់​ហាង​ប្រគល់ អត្តសញ្ញាណប័ណ្ណ ឲ្យ​សាមីខ្លួន​វិញ ។​

​សមត្ថកិច្ច​បានស្នើ​សុំ និង​អំពាវនាវ ដល់​ម្ចាស់​អាជីវកម្ម​ទាំងអស់ មិនត្រូវ​ទទួលយក អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ច្បាប់ដើម យកទៅ​ធានា លើ​បំណុល ឬ​បញ្ចាំ​ខ្ចីប្រាក់ នោះទេ ។ ប្រសិនបើ​ម្ចាស់​អាជីវកម្ម​ទាំងអស់ មិន​បញ្ឈប់​សកម្មភាព​នេះ​ទេ សមត្ថកិច្ច នឹង​អនុវត្ត តាមផ្លូវ​ច្បាប់ ៕

 

Leave a Reply

Your email address will not be published.