រដ្ឋបាល​ស្រុក​ថ្មគោល ចេញ​លិខិត​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​ប្រយ័ត្ន​ចាញ់បោក​ជនខិលខូច​ទិញ​ដីឡូត៍​ចំណី​ខ្នង​អាង​ភាស​ជា​ដី​សាធារណៈ​របស់​រដ្ឋ​

បាត់ដំបង​:  រដ្ឋបាល​ស្រុក​ថ្មគោល ដែលមាន​លោក ជា សម្បត្តិ ជា​អភិបាល បានប្រកាស​ជា​សាធារណៈ​ដល់​បងប្អូន​ទូទៅ​នៅក្នុង និង​ក្រៅ​មូលដ្ឋាន​ស្រុក​ថ្មគោល​ទាំងអស់​ ប្រយ័ត្ន​​ចាញ់បោក​បុគ្គល​ខិលខូច​ដែល​កំពុង​ដើរតួធ្វើ​ជា​ម្ចាស់​កម្ម​សិទ្ធ​ដី​មួយកន្លែង​យកទៅ​លក់ដូរ ដែល​វា​ជា​ដី​ចំណី​ខ្នង​អាង​ភាស ស្ថិតនៅ​ក្នុងភូមិ​ទួល​ទំពូង​ត្បូង ឃុំ​តាពូង ស្រុក​ថ្មគោល ខេត្តបាត់ដំបង​។

​លោក ជា សម្បត្តិ បញ្ជាក់​បន្តថា​÷ បុគ្គល​ឈ្មោះ វុន ជុំ ភេទ​ប្រុស អាយុ ៥២​ឆ្នាំ មាន​អាស័យដ្ឋាន​នៅ​ភូមិ​វិហារ​ចិន សង្កាត់​ស្វាយដង្គុំ ក្រុង​សៀមរាប ខេត្តសៀមរាប ត្រូវ​បញ្ឈប់​សកម្មភាព​ខុសច្បាប់​ជាបន្ទាន់ ពុំ​នោះទេ​រដ្ឋបាល​ស្រុក​នឹង​ចាត់វិធានការ​តាមផ្លូវ​តុលាការ​ជាក់​ជាមិនខាន​។ បុគ្គល​ខាងលើ​កន្លងមក​បាន​យក​ដី​សាធារណៈ​របស់​រដ្ឋ (​ដី​ចំណី​អាង​ភាស​) ទៅ​ពុះ​ជា​ដីឡូត៍​លក់​ទៅ​ឲ្យ​ប្រជាពលរដ្ឋ​មួយចំនួន​ក្នុង ១​ឡូត៍​តម្លៃ ៣.០០០​ដុល្លា​អាមេរិក​។​

​តាមរយៈ​ការជូនដំណឹង​ពី​សកម្មភាព​ល្មើសច្បាប់​នេះ បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​មិនត្រូវ​បាន​អនុ​វ​ញ្ញាតិ​ឲ្យ​មាន​ការទិញ លក់​ទីតាំង​ខាងលើ​ជាដាច់ខាត ការទិញ​លក់​ដីឡូត៍​លើ​ទីតាំង​នេះ​ជា​អំពើ​ខុសច្បាប់ ទីតាំង​ដដែល​នេះ​ក៏​មិន​អនុញ្ញាតិ​ឱ្យមាន​ការសាងសង់​សំណង់​ផ្សេងៗ​គ្រប់​ប្រភេទ រីឯ​សំណង់​ដែល​បាន​សាងសង់​រួច ត្រូវ​រុះរើ​ចេញ​ឱ្យអស់​យ៉ាងយូ​ត្រឹម​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០២១ ជា​កំហិត​៕​

Leave a Reply

Your email address will not be published.