ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ Teo Lay Cheng

ភ្នំពេញ​៖  នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ Teo Lay Cheng ដែលបានចូលកាន់តំណែងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសិង្ហបុរី ប្រចាំព្រះរាជាណាចក្រកម្ពុជា កាលពីដើមឆ្នាំ២០២១ កន្លងទៅ។

លោកជំទាវឯកអគ្គរដ្ឋទូត បានលើកឡើងអំពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរកម្ពុជា-សិង្ហបុរី ដែលបានអនុវត្តកន្លងមក ហើយបានបង្ហាញនូវភាពពង្រឹង និងពង្រីកឲ្យខ្លាំងក្លាបន្ថែមទៀត។ លោកជំទាវ ក៏បានសម្តែងនូវការកោតសរសើរ ចំពោះភាពជោគជ័យ ដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបាននៅក្នុងយុទ្ធនាការប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងយុទ្ធនាការជាតិចាក់វ៉ាក់សំាងជូនប្រជាពលរដ្ឋ។

ឯកឧត្តម អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក បានសម្តែងការស្វាគមន៍ និង អបអរសាទរចំពោះលោកជំទាវឯកអគ្គរដ្ឋទូតថ្មី និងបានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ ជាពិសេសសកម្មភាពកិច្ចសហប្រតិបត្តិការជាច្រើនក្នុងកម្រិតកងទ័ពជើងគោក ដូចជាការផ្លាស់ប្តូរទស្សនកិច្ចសិក្សា, លំហាត់ហ្វឹកហ្វឺន និងការជួយឧត្ថម្ភគាំទ្រនានាជាដើម។

ជាចុងក្រោយ ឧត្តមសេនីយ៍ឯក មេបញ្ជាការកងទ័ពជើងគោក ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលសិង្ហបុរីសម្រាប់ចំណងមិត្តភាព កិច្ចសហប្រតិបត្តិការដ៏ល្អ និងក្រសួងការពារជាតិនៃប្រទេសទាំងពីរក្នុងការជំរុញបន្ថែមទៀតនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ និងការពារជាតិ ដែលជាកិច្ចសហប្រតិបត្តិការបែបយុទ្ធសាស្ត្រដ៏សំខាន់ផងដែរ៕

Leave a Reply

Your email address will not be published.